កម្មវិធីសប្បរសធម៍ «Run for the Future» នឹងរៀបចំនៅថ្ងៃ៧ ខែវិច្ឆិកាខាងមុខ ដើម្បីរៃអង្គាសថវិកាគាំទ្រការអប់រំ ដល់កុមារងាយរងគ្រោះនៅកម្ពុជា
29-10-2026 16:23
(ភ្នំពេញ)៖ កម្មវិធីរត់កម្សាន្តសប្បុរសធម៌ «រត់ដើម្បីអនាគត» (Run for the Future – Charity Fun Run) នឹងរៀបចំឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅកោះនរា ក្នុងគោលបំណងគាំទ្រ ដល់ការផ្តល់ឱកាសទទួលបានការអប់រំ សម្រាប់កុមារងាយរងគ្រោះនៅកម្ពុជា។
កម្មវិធីនេះមានគោលបំណង លើកកម្ពស់សកម្មភាពកីឡា និងការចូលរួមក្នុងកិច្ចការសង្គម ដោយប្រែក្លាយសកម្មភាពរត់ហាត់ប្រាណ ឱ្យក្លាយជាការរួមចំណែកគាំទ្រ ដល់ឱកាសសិក្សារបស់កុមារដែលកំពុងជួបការលំបាក។ ចំពោះកម្មវិធីសប្បរសធម៌នេះ បើកឱកាសឱ្យសាធារណជន ក្រុមគ្រួសារ និងអ្នកចូលចិត្តកីឡា អាចចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងរួមចំណែកដល់សង្គមផងដែរ។
លោក ថូ ភីរ៉ាត់ អ្នកគ្រប់គ្រងគម្រោង «រត់ដើម្បីអនាគត» (Run for the Future – Charity Fun Run) បានថ្លែងឲ្យដឹងថា ចំពោះកម្មវិធីសប្បរសធម៌មួយនេះ រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីយកទៅផ្គត់ផ្គង់ការអប់រំ, ការផ្ដល់ជំនួយជូនដល់កុមារក្រីក្រ និងជួយដល់កុមាររស់នៅក្នុងអង្គការពន្លឺអនាគត។
លោកបានបន្ថែមថា «គោលដៅធំៗនោះគឺគាំទ្រការអប់រំ ការរៃអង្គាសថវិការដើម្បីផ្ដល់ឲ្យអង្គការពន្លឺអនាគត ដើម្បីជួយសង្គ្រោះកុមារកម្ពុជា ដែលងាយរងគ្រោះ និងមានជីវភាពក្រីក្រ។ កត្តាមួយទៀតគឺពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពជាដៃគូរយ៉ាងរឹងមាំ ដើម្បីគាំទ្រចំពោះការរត់មួយនេះ ព្រមទាំងលើកម្ពសសុខភាព និងស្មារតីសហគមន៍ ការលើកម្ពស់ការរស់នៅដោយពោរពេញដោយសុខភាពល្អ ដោយការរត់, ការហាត់ប្រាណ ព្រមទាំងបង្វែលការហាត់ប្រាណទៅជា ការជួយសង្គមបាន»។
លោក ថូ ភីរ៉ាត់ ក៏អំពាវនាវឱ្យសាធារណជនដែលមានចំណាប់អារម្មណ៍ ក្នុងកម្មវិធីសប្បរសធម៌នេះ សូមចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាលើកកម្ពស់សុខភាព តាមរយៈការហាត់ប្រាណ និងចូលរួមចំណែកគាំទ្រ ដល់ឱកាសអប់រំសម្រាប់កុមារងាយរងគ្រោះនៅកម្ពុជា។
លោកស្រី នួន សុធារី តំណាងអង្គការពន្លឺអនាគត បានបង្ហាញក្ដីសប្បាយរីករាយ និងគាំទ្រជាខ្លះចំពោះកម្មវិធី រត់កម្សាន្តសប្បុរសធម៌ «រត់ដើម្បីអនាគត» (Run for the Future – Charity Fun Run)។ កម្មវិធីនេះបានបង្ហាញថា មនុស្សធំៗរត់ដើម្បីជួយដល់កុមារតូចៗ នៅក្នុងអង្គការពន្លឺអនាគតនេះឯង។ បច្ចប្បន្ននេះយើងមានមណ្ឌលពន្លឺអនាគតនេះចំនួន២ ដោយនៅក្នុងក្រុងភ្នំពេញ និងនៅខេត្តរតនៈគីរី។
លោកស្រីបានបន្ដថា អង្គការពន្លឺអនាគតនេះ គឺបានផ្ដល់ផ្ទះដែលមានភាពកក់ក្ដៅ និងសុវត្តិភាព ផ្ដល់អាហារូបត្ថមចំនួន៣ពេលក្នុងមួយថ្ងៃ ផ្ដល់ការអប់រំប្រកបដោយចំណេះដឹង និងចិញ្ចឹមដោយក្ដីស្រលាញ់ ព្រមទាំងថែរក្សាដោយក្ដីមេត្តា។ ចំពោះកម្មវិធីរត់ដើម្បីអនាគត់នេះ គឺផ្ដើមចេញពីគំនិតដ៏សាមញ្ញាមមួយ ប៉ុន្ដែការត់ម្ដងៗជាឱកាសអប់រំសម្រាប់កុមារ។
សូមជម្រាបថា កម្មវិធីរត់កម្សាន្តសប្បុរសធម៌ «រត់ដើម្បីអនាគត» (Run for the Future – Charity Fun Run) នឹងចាប់ផ្តើមនៅម៉ោង ៥៖០០ព្រឹក និងបញ្ចប់នៅម៉ោង ៨៖ ០០ព្រឹក ដោយមានជម្រើសចម្ងាយរត់ចំនួន៣គឺ រត់ចំនួន៣គីឡូម៉ែត្រ, រត់ចំនួន៥គីឡូម៉ែត្រ និងរត់ចំនួន១០គីឡូម៉ែត្រ ដើម្បីឱ្យអ្នកចូលរួមអាចជ្រើសរើសចម្ងាយសមស្រប ទៅតាមសមត្ថភាពរបស់ខ្លួន។
សម្រាប់ការចូលរួមតម្លៃចុះឈ្មោះត្រូវបានកំណត់ចំនួន ១២ដុល្លារអាមេរិកក្នុងម្នាក់ ចំណែកកញ្ចប់ចុះឈ្មោះរួមមាន អាវយឺតផ្លូវការរបស់កម្មវិធី មេដាយសម្រាប់អ្នកបញ្ចប់ការរត់ និងកញ្ចប់អាហារសម្រន់និងភេសជ្ជៈ។
ចំពោះសាធារណជន ដែលមានចំណាប់អារម្មណ៍ជាមួយកម្មវិធីរត់កម្សាន្តសប្បុរសធម៌ «រត់ដើម្បីអនាគត» (Run for the Future – Charity Fun Run) អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ដែលអ្នករៀបចំបានផ្តល់ជូន ឬស្កេន QR Code នៅលើផ្ទាំងផ្សព្វផ្សាយកម្មវិធី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះ៕












