FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន ប្រគល់ធុងសំរាមចំនួន៦៨៤ធុង ដល់មន្ទីរអប់រំខេត្តស្ទឹងត្រែង ដើម្បីពង្រឹងការគ្រប់គ្រងកាកសំណល់ និងភាពស្អាតនៅតាមសាលារៀន

29-10-2026 14:40

(ស្ទឹងត្រែង)៖ ក្រសួងបរិស្ថាន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំពិធីប្រគល់ និងទទួលធុងសំរាមចំនួន ៦៨៤ធុង ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដើម្បីយកទៅចែកចាយ និងប្រើប្រាស់នៅតាមគ្រឹះស្ថានសិក្សានានា សំដៅលើកកម្ពស់អនាម័យបរិស្ថាន និងកសាងភាពស្អាតនៅតាមមូលដ្ឋាន។

ពិធីប្រគល់នេះធ្វើឡើងក្នុងគោលបំណងជំរុញ ការអនុវត្តយុទ្ធសាស្រ្តចក្រាវោស័យបរិស្ថាន និងគាំទ្រជាពិសេសជំរុញភាពស្អាត ទម្លាប់ទុកដាក់កាកសំណល់ ឱ្យបានត្រឹមត្រូវក្នុងចំណោមសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋនៅតាមសហគមន៍។

ធុងសំរាមទាំងនេះនឹងក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការកាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល និងជួយឱ្យបរិស្ថានជុំវិញសាលារៀនមានភាពបៃតង ស្រស់ស្អាត និងមានសោភ័ណភាព។

តំណាងក្រសួងបរិស្ថានបានបញ្ជាក់ថា ការចែករំលែកមធ្យោបាយស្តុកទុកសំរាមនាពេលនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ក្នុងការសម្អាត និងគាំពារបរិស្ថាន ដោយផ្តើមចេញពីបុគ្គលម្នាក់ៗ និងសហគមន៍ផ្ទាល់។ ការបណ្តុះស្មារតីស្រឡាញ់ភាពស្អាតដល់យុវជនជំនាន់ក្រោយតាមរយៈការអនុវត្តជាក់ស្តែងនៅក្នុងសាលារៀន គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការឈានទៅសម្រេចបាននូវកម្ពស់រស់នៅប្រកបដោយចីរភាព។

ក្នុងឱកាសនោះផងដែរ តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងបានប្តេជ្ញាចិត្តថានឹងបែងចែកធុងសំរាមទាំងនេះទៅតាមបណ្តាសាលារៀនដែលមានតម្រូវការឱ្យបានចំគោលដៅ ព្រមទាំងណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាឱ្យជួយថែរក្សា និងប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីធានាបាននូវការរស់នៅស្អាត សាលារៀនស្អាត និងសុខភាពល្អទាំងអស់គ្នា៕