FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះមហាក្សត្រកម្ពុជា

29-10-2026 13:41

(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីដ៏មហោឡារិកនេះ ត្រូវបានប្រារព្ធឡើងនៅសាលមហោស្រពរតនៈ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៩ និងមន្ត្រីរាជការជាច្រើនកុះករ។ ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអានព្រះរាជសារលិខិតថ្វាយព្រះពរ ថ្វាយចំពោះព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង ដោយទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ។

តាមរយៈព្រះរាជសារលិខិតនេះ រដ្ឋបាលខេត្តរតនគិរីបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមតាមជួយថែរក្សាការពារ ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់សមប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជាដរាបតរៀងទៅ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ព្រមទាំងជាព្រះម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ អង្វែងតរៀងទៅ៕