រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
29-10-2026 13:23
(បាត់ដំបង)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ ពិធីដ៏មហានក្ខត្តឫក្សនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ពិធីនេះមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ តាមរយៈអំណានសារលិខិតថ្វាយព្រះពរ លោក សុខ លូ បានលើកឡើងពីព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ដែលតែងតែយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងការបំពេញព្រះរាជកិច្ចប្រកបដោយព្រះគុណធម៌ ព្រះព្រហ្មវិហារធម៌ និងព្រះទសពិធរាជធម៌ ដើម្បីបុព្វហេតុជាតិ និងប្រជារាស្ត្រ។
លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គទ្រង់ជាព្រះរាជមគ្គទេសក៍ដ៏ឈ្លាសវៃ ក្នុងវិស័យសាសនា អប់រំ សង្គមកិច្ច សុខុមាលភាព និងកិច្ចការបរទេស ដែលធ្វើឱ្យប្រទេសជាតិមានភាពរុងរឿងរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព និងភាពសុខដុមរមនា ព្រមទាំងបានលើកកម្ពស់កិត្យានុភាពជាតិឱ្យល្បីល្បាញលើសកលលោក។ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ វឌ្ឍនភាព ការបង្រួបបង្រួមជាតិ និងនិរន្តរភាពជាតិ ធ្វើឱ្យប្រជានុរាស្ត្ររស់នៅក្នុងជីវភាពសុខដុមរមនា រុងរឿងរីកចម្រើន និងភាពសម្បូរសប្បាយឥតឈប់ឈរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជានុរាស្ត្រទូទាំងខេត្តបាត់ដំបង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយទ្រទ្រង់ ថែរក្សា ការពារ និងប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់មានព្រះរាជកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិដ៏ជាម្លប់ត្រជាក់ត្រជំសុខដុមរមនា ចម្រុងចម្រើន រុងរឿងថ្កុំថ្កើងជាភិយ្យោភាពតរៀងទៅ៕






























