សម្តេចមហាមន្ត្រី គុយ សុផល ផ្ញើលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងឱកាសខួបទី២២ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ
29-10-2026 12:43
(ភ្នំពេញ)៖ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលទាំងអស់ដែលកំពុងបម្រើការងារនៅព្រះបរមរាជវាំង បានផ្ញើលិខិតថ្វាយព្រះពរជ័យសិរីមង្គល បវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការប្រារព្ធព្រះរាជពិធីខួបទី២២ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ។
សម្តេចមហាមន្ត្រី គុយ សុផល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រះបរមរាជវាំងទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងតែប្រកាន់ខ្ជាប់នូវព្រះរាជទសពិធរាជធម៌ដ៏បរិសុទ្ធ។ ព្រះអង្គបានលះបង់ព្រះកាយពលគ្រប់កាលៈទេសៈ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ក្នុងការបំពេញព្រះរាជកិច្ចយ៉ាងខ្ជាប់ខ្ជួន ដើម្បីសេចក្តីសុខ សន្តិភាព និងវឌ្ឍនភាព ជូនជាតិ សាសនា និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គនៅទូទាំងប្រទេស។
ក្នុងព្រះរាជវរោកាសដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានេះ សម្តេចមហាមន្ត្រី គុយ សុផល បានក្រាបបង្គំបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បុណ្យបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះតេជះបារមី នៃអតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសប្រទានព្រះសព្ទសាធុការពរជ័យថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលរឹងមាំ និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាមហាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ៕

