FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ Kiyoko FUKUDA ចំពោះមរណភាពឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន

29-10-2026 11:50

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ Kiyoko FUKUDA ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៩០ឆ្នាំ នៅរាជធានីតូក្យូ។

នៅក្នុងផ្ញើសារលិខិតរំលែកទុក្ខនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា៖ ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយឥតគណនា ដោយបានទទួលដំណឹងអំពីមរណភាព ស្វាមីជាទីស្រឡាញ់របស់លោកជំទាវ គឺ ឯកឧត្តម Yasuo FUKUDA អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ៩០ឆ្នាំ នៅរាជធានីតូក្យូ។

ក្នុងវេលាប្រកបដោយសេចក្តីទុក្ខសោកដ៏លំបាកនេះ តាងនាមព្រឹទ្ធសភាកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាទីបំផុត និងសមានទុក្ខអស់ពីជម្រៅបេះដូង ជាមួយលោកជំទាវ ក្រុមគ្រួសារ និងប្រជាជនជប៉ុនទាំងមូល។ ប្រទេសជប៉ុន បានបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏ខ្ពង់ខ្ពស់មួយរូប ដែលពលិកម្មកម្លាំងកាយចិត្ត និងប្រាជ្ញា បានចូលរួមចំណែកយ៉ាងធំធេងមិនអាចវាស់ស្ទង់បានដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងនិងក្រៅប្រទេសជប៉ុន។

ឯកឧត្តម Yasuo FUKUDA នឹងស្ថិតនៅក្នុងការចងចាំជានិច្ច ក្នុងនាមជាមិត្តជាទីស្រឡាញ់របស់ កម្ពុជា និងជាឥរស្សជនដ៏សំខាន់បំផុតមួយរូប ក្នុងការរឹតចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសយើងទាំងពីរ។ ជាមួយនឹងលទ្ធិហ្វូគូដា (Fukuda Doctrine) ការដឹកនាំរបស់ឯកឧត្តម បានក្លាយជាសសរស្តម្ភដ៏រឹងមាំនៃនយោបាយការបរទេសជប៉ុន ចំពោះតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអនុវត្តការទូតបែបស្មោះត្រង់ចេញពីបេះដូង» (Heart to Heart Diplomacy)។

ឯកឧត្តម បានធានាជាពិសេសក្នុងអាណត្តិជានាយករដ្ឋមន្ត្រី ថា ជប៉ុនបន្តធ្វើជាដៃគូដ៏គួរឱ្យទុកចិត្ត និងប្រកបដោយការយោគយល់អធ្យាស្រ័យរបស់កម្ពុជាក្នុងការស្តារ និង អភិវឌ្ឍន៍កម្ពុជាឡើងវិញក្រោយជម្លោះ ក្នុងវិស័យដ៏សំខាន់ៗ ចាប់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងធនធាន មនុស្សរហូតដល់ការបោសសម្អាតមីន និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។ ការចូលរួមចំណែករបស់ ឯកឧត្តម បានបន្សល់ទុកនូវស្នាមដែលមិនរលុបនៅលើវឌ្ឍនភាពរបស់កម្ពុជា និងក្នុងជម្រៅបេះដូងរបស់ ប្រជាជនកម្ពុជា។

សូមវិញ្ញាណក្ខន្ធឯកឧត្តម Yasuo FUKUDA បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕