អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនពលរដ្ឋខ្វះខាតជីវភាព ចំនួន១៥០គ្រួសារ នៅស្រុកកំពង់សៀម
29-10-2026 11:20
(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋខ្វះខាតជីវភាព ចំនួន១៥០គ្រួសារ នៅក្នុងស្រុកកំពង់សៀម។
ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹក។
ទាំងនេះ បង្ហាញអោយឃើញពីក្តីកង្វល់របស់សម្តេចប្រធាន ដែលតែងតែ បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ។
ចំពោះគ្រួសារដែលត្រូវបានទទួលអំណោយរួមមាន ជនមានពិការភាពចំនួន២០គ្រួសារ, ចាស់ជរាគ្មានទីពឹងចំនួន៧៤គ្រួសារ, ពលរដ្ឋទីទ័លក្រលំបាកចំនួន៤៥គ្រួសារ, ស្ត្រី បុរស ពោះម៉ាយក្រីកចំនួន៩គ្រួសារ និងអ្នកជំងឺរ៉ាំរ៉ៃ២ គ្រួសារផងដែរ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១សម្រាប់ និងថវិកាចំនួន៥០,០០០រៀល៕










