ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ ជាមន្ត្រីក្រសួងមហាផ្ទៃត្រូវតែយល់ដឹងពីគ្រោះថ្នាក់គ្រឿងញៀន ដើម្បីចៀសផុតពីការពាក់ព័ន្ធនឹងបទសល្មើស
29-10-2026 11:16
(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ជាមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែទទួលបានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីចៀសផុតពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ការថ្លែងដូចនេះនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀនដល់ មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃរដ្ឋបាលខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុប ៣៥០នាក់ នៅសាលាខេត្តសៀមរាប។
ថ្លែងក្នុងនាមលោក កៅ ខុនដារ៉ា ប្រធានគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ, លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានវាយតម្លៃខ្ពស់ កោតសរសើរ ចំពោះខេត្តសៀមរាប ដែលបានឆ្លើយតប និងគោលការណ៍របស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានកំណត់ថា៖ គ្រប់មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ត្រូវតែទទួលបានការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ចៀសផុតពីការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ពិសេសចៀសផុតពីការរកឃើញសារធាតុញៀនក្នុងទឹកមូត្រ។
ក្នុងនាមលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត ប្រធានគណៈកម្មាធិការ លោក សំកុល សុចិត្រា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានថ្លែងពីកិច្ចខិតខំប្រឹងប្រែងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយទទួលលទ្ធផលល្អប្រសើរជាច្រើនទាំងការងារផ្សព្វផ្សាយ អប់រំ ការអនុវត្តច្បាប់ និងវិធានការរដ្ឋបាល សំដៅរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានពាំនាំនៅប្រសាសន៍សន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំរបស់ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្មទទួលបានលទ្ធផលល្អ និងបានចែករំលែកចំណេះដឹង និងសារៈសំខាន់នៃកម្មវិធីទូរសព្ទដៃ NoDrug ដើម្បីសម្រួល ពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
កម្មវិធីទូរសព្ទដៃ NoDrug ប្រជាពលរដ្ឋអាចប្រើប្រាស់បានដោយសេរី រាយការណ៍ដោយសេរីរាល់ករណីគ្រឿងញៀន ដែលខ្លួនបានឃើញនៅក្នុងមូលដ្ឋាន ហើយទទួលបានការដោះស្រាយយ៉ាងមានប្រសិទ្ធភាព «ប្រជាពលរដ្ឋម្នាក់ជាភ្នាក់ងារផ្សព្វផ្សាយApp NoDrug ម្នាក់» ប្រជាពលរដ្ឋប្រើប្រាស់App NoDrug បានកាន់តែច្រើនការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាននឹងបានកាត់បន្ថយឈានទៅលុបបំបាត់កាន់តែឆាប់រហ័ស៕


































