FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមអ្នកចិញ្ចឹមសត្វ ចុះស្វែងរកការគាំទ្រ ពីថ្នាក់ដឹកនាំខេត្តចំនួន៣ ដើម្បីទប់ស្កាត់ការនាំចូល​សត្វខុសច្បាប់តាមច្រកព្រំដែន

29-10-2026 10:59

(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដឹកនាំដោយលោក ស្រ៊ុន ពៅ ប្រធានសមាគម បានចុះបំពេញបេសកកម្មរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៦ នៅតាមខេត្តជាប់ព្រំដែនចំនួន៣ រួមមាន ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកការគាំទ្រទប់ស្កាត់ការនាំចូលសត្វ និងសាច់សត្វខុសនៅច្បាប់តាមច្រកព្រំដែន និងដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក។ បេសកកម្មនេះទទួលការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាអភិបាលខេត្តទាំង៣ និងសាខាពាក់ព័ន្ធ។

លោក ស្រ៊ុន ពៅ បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមើលឃើញពីបញ្ហាប្រឈម និងផលប៉ះពាល់ពីការនាំចូលសត្វជ្រូក សាច់បក្សី និងមាន់ ពីក្រៅប្រទេសតាមច្រករបៀងព្រំដែន ធ្វើឱ្យកសិករ និងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជាច្រើនបង្ខំចិត្តបិទទ្វារ ឬកាត់បន្ថយទំហំផលិតកម្ម, ជុំវិញបញ្ហានេះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានចាត់វិធានការភ្លាមៗ និងបន្ទាន់ ដោយបានចុះដាក់លិខិតស្នើសុំការគាំទ្រពីបណ្តាអភិបាលខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ និងសាខាក្នុងខេត្តទាំងនោះ។

បេសកកម្មនេះដើម្បីស្នើឱ្យមានការរឹតបន្តឹងលើការនាំចូលលួចលាក់របស់ឈ្មួញខិលខូចមួយចំនួន និងទប់ស្កាត់ការនាំ ចូលសត្វជ្រូករស់ សាច់បង្កក កូនមាន់ មាន់សាច់ និងស៊ុតមាន់ ខុសច្បាប់គ្រប់ទម្រង់ ដើម្បីជួយការពារវិស័យចិញ្ចឹមសត្វក្នុងស្រុក ទប់ស្កាត់ការប៉ះពាល់ទីផ្សារវិស័យចិញ្ចឹមសត្វក្នុងស្រុក ជួយបង្កាបញ្ហាប៉ះពាល់សុខភាពប្រជាពលរដ្ឋកម្ពុជា ទប់ស្កាត់ជម្ងឺសត្វឆ្លងដែន និងធានានូវការប្រកួតប្រជែងប្រកបដោយតម្លាភាព និងសមធម៌។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបន្ថែមថា ជាមួយនឹងការចុះស្វែងរកការគាំទ្រ និងទប់ស្កាត់ការនាំចូលសត្វរស់ និងសាច់សត្វខុសច្បាប់តាមច្រកព្រំដែននេះ សមាគមបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាអភិបាលខេត្តទាំង៣ និងសាខាពាក់ព័ន្ធ លើការងារពង្រឹង និងទប់ស្កាត់ការនាំចូលសត្វខុសច្បាប់តាមច្រកព្រំដែននេះផងដែរ។

បើតាមលោក ស្រ៊ុន ពៅ ការនាំចូលខុសច្បាប់ និងជ្រុលហួសហេតុមានដូចជា ការនាំចូលសត្វជ្រូក សាច់បក្សី និងមាន់ ពីក្រៅប្រទេសតាមច្រករបៀងយ៉ាងច្រើន បានធ្វើឱ្យបច្ចុប្បន្ននេះជ្រូកចូលច្រើនជាងតម្រូវការ ក្នុងនោះចំពោះសាច់មាន់វិញក៏ច្រើនជាងតម្រូវការ ដែលធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកបង្ខំចិត្តលក់ក្នុងតម្លៃថោកដែលធ្វើឱ្យកសិករខាតបង់យ៉ាងខ្លាំង។ លោកបញ្ជាក់ទៀតថាការនាំចូលដោយខុសច្បាប់នេះ បានបង្ករជាហានិភ័យដល់សុខភាពសាធារណៈ សត្វ និងសាច់ដែលនាំចូលទាំងនោះខ្វះការត្រួតពិនិត្យត្រឹមត្រូវ ដែលបង្កហានិភ័យឆ្លងជំងឺផ្សេងៗដល់អ្នកហូបចុក និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះលោក ស្រ៊ុន ពៅ បានសំណូមពរដល់អាជ្ញាធរ និងរាជរដ្ឋាភិបាល សូមជួយពង្រឹង និងទប់ស្កាត់ការនាំចូលសត្វខុសច្បាប់តាមច្រកព្រំដែនឱ្យបានតឹងរឹងបំផុត និងជួយរក្សាស្ថេរភាពតម្លៃទីផ្សារ ដើម្បីការពារផល ប្រយោជន៍ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ជំរុញឱ្យមានការចូលរួមសហការកាន់តែខ្លាំងក្លាពីសំណាក់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា៕