FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព

28-10-2026 20:39

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ Yang Jiemian ប្រធានកិត្តិយស និងជាប្រធាន​ក្រុមប្រឹក្សា​យោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ (SIIS) របស់ចិន បាន​កោតសរសើរចំពោះការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ។ អ្នកជំនាញលើការសិក្សាស្រាវជ្រាវរូបនេះ មើលឃើញថា ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់។

ការកោតសរសើររបស់លោកសាស្ត្រាចារ្យ ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម​ជាមួយសម្តេចមហាបវរធិបតី នាវិមានសន្តិភាពនៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦នេះ។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ប្រទេសកម្ពុជា តែងតែមានការអភិវឌ្ឍជាបន្តបន្ទាប់​ ព្រមទាំងបានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី និងរាជរដ្ឋា​ភិបាល​កម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាពខ្ពស់ និងខិតខំធ្វើយ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋទទួលបានផ្លែផ្កាពិតប្រាកដពីការអភិវឌ្ឍ។

លោកសាស្ត្រាចារ្យជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ ទោះបីជាស្ថានភាពពិភព​លោកជួបប្រទះនឹងការវិវត្តឥតឈប់ឈរយ៉ាងណាក៏ដោយ។

លោកសាស្ត្រាចារ្យបានលើកឡើងដែរថា ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះ នៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា។ ក្នុងន័យនេះ លោក​សាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងស្ថាប័ន​សិក្សាស្រាវ​ជ្រាវនៃប្រទេសទាំងពីរកម្ពុជា​-ចិន​ ព្រមទាំងបង្កើតជំនួបពិភាក្សានានា​ ដើម្បីចែករំលែក​បទ​ពិសោធន៍ ទស្សនៈ និងគោលនយោបាយអភិវឌ្ឍន៍ជាតិធំៗ ឱ្យបានទៀងទាត់។

លោក​សាស្ត្រាចារ្យបានបន្ថែមថា ការសិក្សា ពិភាក្សា ចែករំលែក និងការប្រៀបធៀប​អំពី​មាគ៌ា​កំណើនសេដ្ឋកិច្ចនៃប្រទេសនីមួយៗ នឹងផ្តល់ជាធាតុចូល និងពុទ្ធិសំខាន់ៗ សម្រាប់ថ្នាក់​ដឹក​នាំក្នុងការពិនិត្យ ដកស្រង់បទពិសោធន៍ និងទាញយកឧត្តមានុវត្តពីគ្នាទៅវិញទៅមក ដើម្បី​យកមកអនុវត្តការអភិវឌ្ឍប្រទេសរៀងៗខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍​យ៉ាងកក់​ក្ដៅ​ចំពោះវត្តមានរបស់លោកសាស្ត្រាចារ្យ ក្នុងសន្និសីទអន្តរជាតិ ស្ដីពីសណ្ដាប់ធ្នាប់ពិភព​លោក​ថ្មីនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ក្នុងការប្រកាន់ខ្ជាប់នូវ​គោលការណ៍​និរន្តរភាព (Continuity) និងសង្គតិភាព (Consistency) របស់កម្ពុជា​ ក្នុងទំនាក់ទំនងការ​ទូត​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។ ផ្អែកលើគោលការណ៍ទាំងពីរនេះ កម្ពុជា​បាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយ​ប្រទេសចិន​ ក៏ដូចជាមួយបណ្ដាប្រទេសនានាលើសកលលោក។

សម្តេចមហាបវរ​ធិបតីនាយករដ្ឋមន្ត្រី ​បាន​លើកទឹកចិត្ត​​លោក​សាស្ត្រាចារ្យ​បន្តផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​ ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ និង​សិក្សារៀន​សូត្រ​ពីគ្នា​ទៅវិញ​ទៅមក​ ដើម្បី​ចូលរួម​ចំណែកដល់ការ​ពង្រឹង​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី កម្ពុជា-ចិន ឱ្យកាន់តែរាំងមាំបន្ថែមទៀត៕