FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរក្រុងព្រះសីហនុ បំផ្លាញទូរហ្គេមខុសច្បាប់ជិត២០០គ្រឿង ដែលបង្រ្កាប ដើម្បីទប់ស្កាត់ល្បែងស៊ីសង

28-10-2026 20:18

(ព្រះសីហនុ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្ទេចទូរហ្គេមខុសច្បាប់ចំនួន ១៨៣គ្រឿង ដែលត្រូវបានដកហូតពីទីតាំងអាគារស្នាក់នៅ និងលំនៅឋាននានាក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ កន្លងមកនេះ។

សកម្មភាពនេះធ្វើឡើងក្រោមការចង្អុល ពីលោក ម៉ាង ស៊ីណែត អភិបាលខេត្ត និងមានបញ្ជារផ្ទាល់ពីលោក ស កក្តដា អភិបាលក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងដឹកនាំដោយលោក ឃន ម៉ន អភិបាលរង តំណាងលោក សរ កក្កដា។

សកម្មភាពកម្ទេចទូរហ្គេមខុសច្បាប់នេះ គឺជាយុទ្ធនាការបោសសម្អាតការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅក្នុងក្រុងព្រះសីហនុ ដែលបង្ហាញពីការបន្តយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន។

ការចាត់វិធានការខាងលើ មានគោលបំណងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរួមចំណែកបង្ការផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានពីល្បែងស៊ីសងខុសច្បាប់មកលើគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយមិនគាំទ្រ មិនប្រព្រឹត្ត និងរាយការណ៍អំពីទីតាំងដែលមានសកម្មភាពល្បែងស៊ីសងខុសច្បាប់ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍៕