FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះ សម្រាប់ប្រជាជនគ្រប់រូប

28-10-2026 16:49

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុង
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី គម្រោងកែលម្អការតាំងទីលំនៅសហគមន៍ប្រកបដោយសមាហរណកម្ម និងភាពធន់តាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ មានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល តំណាង World Bank, តំណាង JICA, តំណាង KOICA, តំណាង UNDP ប្រធានអង្គការ UN-Habitat និងនាយកប្រចាំប្រទេសនៃអង្គការ HFHC។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ចំនួន៣ ជាផែនទីអនុវត្តការងារ រួមមាន បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងស្វាគមន៍ចំពោះកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងអង្គការ ដៃគូអភិវឌ្ឍនានា ក្នុងការចូលរួមជាមួយគ្នាដើម្បីជួយប្រជាជនកម្ពុជាឱ្យមានជីវភាពប្រសើរឡើងមួយកម្រិតទៀត ពិសេសបងប្អូនដែលរស់នៅក្នុងសំណង់មិនរៀបរយ ជាក់ស្តែងបងប្អូននៅក្នុងសំណង់មិនរៀបរយនៅខេត្តកែប។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើដល់ស្ថាប័នពាក់ព័ន្ធផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយអន្តរាគមន៍ជួយប្រជាជនឱ្យចំកន្លែង និងចំគោលដៅ។

លោក បានបន្តថា «ក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល មានជីវភាពប្រសើរឡើង ព្រមទាំងចូលរួមកសាងជីវិតមនុស្សតាមរយៈការគិតគូរឱ្យមានអាហារហូបចុកគ្រប់គ្រាន់ធ្វើឱ្យសុខភាពរឹងមាំ ជាការកសាងធនធានមនុស្សសម្រាប់ជាតិ»៕