អភិបាលខេត្តកណ្ដាល ចុះពិនិត្យដោះស្រាយបន្ទាន់ ករណីបាក់ស្រុតផ្លូវបេតុង៤៥ម៉ែត្រ នៅស្រុកកោះធំ
28-10-2026 16:05
(កណ្ដាល)៖ ក្រោយកើតករណីផ្លូវបេតុងរងការខូចខាតមានប្រវែងប្រមាណ ៤៥ម៉ែត្រ ទទឹង ៤ម៉ែត្រ និងមានជម្រៅប្រមាណ ៣ម៉ែត្រ ស្ថិតនៅភូមិសំប៉ាន ឃុំកោះធំ (ខ) ស្រុកកោះធំ, ភ្លាមនោះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចុះទៅពិនិត្យ និងផ្ដល់ដំណោះស្រាយបន្ទាន់ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ។
ក្នុងដំណើរចុះពិនិត្យនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោកអភិបាលខេត្ត បានណែនាំមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការយកថ្មមកចាក់បំពេញឲ្យបានឆាប់រហ័ស លើកំណាត់ផ្លូវដែលរងការខូចខាត ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្ដោះអាសន្ន មុននឹងមានការសិក្សា និងជួសជុលស្ថាបនាឲ្យបានរឹងមាំ និងមានសុវត្ថិភាពនាពេលបន្ទាប់ទៀត។
លោកអភិបាលខេត្ត បានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពច្រាំង និងកំណាត់ផ្លូវដែលអាចប្រឈមនឹងការបាក់ស្រុតបន្ថែម ជាពិសេសក្នុងអំឡុងពេលរដូវទឹកឡើង ដើម្បីអាចចាត់វិធានការបង្ការ និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះទីតាំងដែលមានហានិភ័យ។
ជាមួយគ្នានេះ លោក គួច ចំរើន បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យដែលអាចកើតមានពីការឡើងចុះនៃទឹក និងការច្រោះដី ដែលអាចមានការបាក់ច្រាំង ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ងាយរងគ្រោះ។
លើសពីនេះ លោកអភិបាលខេត្ត បានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ ចូលរួមដាំដើមឫស្សីឲ្យបានច្រើននៅតាមបណ្ដោយផ្លូវដែលជាប់ច្រាំងទន្លេ ដើម្បីជួយពង្រឹងដី និងកាត់បន្ថយការច្រោះដីនៅពេលរដូវទឹកឡើង។ ការដាំឫស្សី មិនត្រឹមតែអាចរួមចំណែកការពារច្រាំង និងកាត់បន្ថយហានិភ័យនៃការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់គ្រួសារ តាមរយៈការប្រើប្រាស់ ឬប្រមូលផលទំពាំង និងដើមឫស្សី សម្រាប់ប្រើប្រាស់ ឬបង្កើតចំណូលបន្ថែមបានផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីការបាក់ច្រាំង មិនអាចពឹងផ្អែកតែលើការជួសជុលរបស់អាជ្ញាធរតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សា និងការពារបរិស្ថានជុំវិញតំបន់ច្រាំងទន្លេ៕





























