អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយដល់អ្នកជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន
28-10-2026 15:52
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយអ្នកតំណាងរាស្ត្ររដ្ឋសភា ព្រឹទ្ធសភា រដ្ឋបាលក្រុង ស្រុក និងអ្នករួមដំណើរជាច្រើននាក់ទៀត បាននាំយកភេសជ្ជៈ និងសម្ភារៈហូបចុកចម្រុះចំនួន ៣១៨ថង់ ទៅជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានសម្តែងនូវកិត្តិយស និងក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានចុះមកសួរសុខទុក្ខ និងចែកអំណោយតិចតួចនេះជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកជំងឺ។ លោកក៏បានក្រើនរំលឹក និងជំរុញដល់ក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ ត្រូវបន្តផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពខ្ពស់ និងដោះស្រាយរាល់កង្វល់របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
លោក អ៊ុំ រាត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់កម្លាំងកាយចិត្តរបស់ក្រុមគ្រូពេទ្យក្នុងការបម្រើអ្នកជំងឺដោយមិនខ្លាចនឿយហត់។ លោកបានសង្កត់ធ្ងន់ថា ក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើប្រជាជនឱ្យបានល្អប្រសើរជាងមុន ពិសេសត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសារកងទ័ពដែលកំពុងឈរជើងការពារទឹកដី។ ការយកចិត្តទុកដាក់នេះ គឺជាកាយវិការដ៏សំខាន់ក្នុងការលើកទឹកចិត្ត និងធានាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប៕

















