បន្ទាប់ពីមណ្ឌលគិរី! អូរសោម ជាទីតាំងមានសក្ដានុពលខ្លាំងមួយក្នុងការដាំដុះដំណាំកាហ្វេ (Video inside)
28-10-2026 15:38
(ពោធិ៍សាត់)៖ ដំណាំកាហ្វេនៅកម្ពុជាមានសក្តានុពលខ្ពស់ ដោយសារតម្រូវការទីផ្សារក្នុងស្រុកមានច្រើន ប៉ុន្តែការផលិតនៅមានកម្រិតទាប។ ខេត្តដែលអំណោយផលសម្រាប់ការដាំដុះកាហ្វេមានដូចជា មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តពោធិ៍សាត់ផងដែរ។
ម្ចាស់ចម្ការកាហ្វេនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក លាង ពេជ្រ បានឱ្យដឹងថា បច្ចុប្បន្នលោកបានដាំដុះកាហ្វេ ២ពូជ គឺពូជរ៉ូប៊ូស្តា (Robusta) និងអារ៉ាប៊ីកា (Arabica) លើផ្ទៃដី ១៤០ហិចតា ហើយអាចប្រមូលផលបាន ៨០ហិចតា។
លោកថា នៅតំបន់នេះមានសក្ដានុពល មានភាពអំណោយផលពីធម្មជាតិសម្រាប់ការដាំដុះដំណាំកាហ្វេបាន។ លើសពីនេះ ក៏មានការគាំទ្រពីក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) ដែលបានអំពាវនាវឱ្យកសិករដាំដុះកាហ្វេ និងធានាទទួលទិញផលវិញ ១០០% តាមតម្លៃទីផ្សារជាក់ស្តែង។
បើតាមម្ចាស់ចម្ការរូបនេះ ដំណាំកាហ្វេ មិនសូវមានការដាំដុះទូលំទូលាយនោះទេ ព្រោះវាត្រូវការបច្ចេកទេសខ្ពស់ក្នុងការដាំដុះ ទោះបីជាតំបន់នោះមានរយៈកម្ពស់ ៥០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រក៏ដោយ ប្រសិនជាសណ្ឋានដីមិនសមប្រកបនឹងដំណាំនេះ ក៏មិនអាចលូតលាស់បានដែរ។
ចំពោះទិន្នផលដែលទទួលបាន ដើមកាហ្វេដែលមានអាយុ ១៨ខែ អាចប្រមូលផលកាហ្វេស្រស់បាន ២ ទៅ៣តោន សម្រាប់ពូជអារ៉ាប៊ីកា (Arabica) និង ២ទៅ៥តោន សម្រាប់ពូជរ៉ូប៊ូស្តា (Robusta)។ នេះបើតាមការបញ្ជាក់របស់លោក លាង ពេជ្រ។
ស្របពេលទីផ្សារកាហ្វេមានតម្រូវការខ្ពស់ លោក លាង ពេជ្រ គ្រោងនឹងពង្រីកការដាំដុះបន្ថែម ពី១៤០ហិចតា ទៅ៦០០ហិចតា និងបន្តពង្រីកដល់ ១០០០ហិចតា ដើម្បីបំពេញតម្រូវការក្នុងស្រុក សំដៅកាត់បន្ថយការនាំចូល និងឈានដល់ការនាំចេញនាពេលអនាគត៕







