ប្រធានសមាគមចុងភៅកម្ពុជា ចូលរួមវេទិកាពិភាក្សាអន្តរជាតិ នៅប្រទេសស្វីស ដើម្បីផ្សព្វផ្សាយពីម្ហូបខ្មែរឲ្យកាន់តែទូលំទូលាយលើឆាតអន្តរជាតិ
28-10-2026 14:44
(សៀមរាប)៖ លោកស្រី ប៉ុល គឹមសាន ប្រធានសមាគមចុងភៅកម្ពុជា និងជាម្ចាស់ភាគហ៊ុន របស់ភោជនីយដ្ឋាន Embassy by Chef Kimsan និង Sombok កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦កន្លងទៅ បានចូលរួមវេទិកាពិភាក្សា អន្តរជាតិ នៅប្រទេសស្វីស ក្នុង EHL សាលាសណ្ឋាគារ និងទេសចរណ៍លំដាប់លេខ ១លើពិភពលោក។
លោកស្រី ប៉ុល គឹមសាន បានឲ្យដឹងថា អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលសមាគមចុងភៅកម្ពុជា បានខិតខំផ្សព្វផ្សាយពីម្ហូបខ្មែរ ឱ្យកាន់តែមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដោយការបង្ហាញពីភាពសម្បូរបែប និងអត្តសញ្ញាណនៃសិល្បៈ ម្ហូបអាហារខ្មែរ។
លោកស្រីបានបង្កើតសមិទ្ធផលថ្មីមួយទៀត ដោយបានក្លាយជាមេចុងភៅស្ត្រីកម្ពុជា និងជនជាតិអាស៊ីដំបូងគេបង្អស់ ដែលបានចូលរួមជាសមាជិកផ្លូវការនៃ EHL Experts Circle និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកសម្ពោធជាផ្លូវការនៃកម្មវិធីសិក្សាកម្រិត Associate Degree លើផ្នែក International Culinary Arts, Fine-Dining Experience and Restaurant Management របស់សាលា EHL Hospitality Business School នៅទីក្រុងឡូសាន ប្រទេសស្វីស ដែលជាសណ្ឋាគារ និងទេសចរណ៍លំដាប់ថ្នាក់លេខ ១ នៅលើពិភពលោក។
លោកស្រី ប៉ុល គឹមសាន ជាចុងភៅស្ត្រីតែម្នាក់គត់ ដែលបានចូលរួមក្នុងវេទិកា ១ ក្នុងកិច្ចពិភាក្សាទាំងបួន ក្នុងចំណោមវាគ្មិនទាំង ១៦ រូប ដែលផ្តោតលើវិធីសាស្ត្រក្នុងការផ្លាស់ប្តូរមុខមាត់ កែប្រែទម្លាប់មិនល្អ និងលើកកម្ពស់វិស័យបដិសណ្ឋារកិច្ច នាពេលអនាគត និងការវិវឌ្ឍខ្លួននៃការបម្រើសេវាកម្មក្នុងវិស័យនេះ ព្រមទាំងយុទ្ធសាស្ត្រក្នុងការទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានការចូលរួមពីសំណាក់យុវជនជំនាន់ក្រោយ នៅក្នុងវិស័យនេះឱ្យបានយូរអង្វែង។
ក្នុងនាមជាប្រធានផ្នែកចុងភៅ និងជាប្រធានសមាគមចុងភៅកម្ពុជា លោកស្រី ពិតជាមានមោទនភាពណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាទស្សនវិស័យលើវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមបុគ្គលមានកេរ្ត៍ឈ្មោះល្បីៗជាច្រើនរូប។
ចំពោះការចូលរួមជាសមាជិកផ្លូវការរបស់ EHL Expert Circle ជាបណ្តាញនៃអ្នកជំនាញក្នុងវិស័យ ដែលនឹងចូលរួមបង្រៀន បង្វឹក និងចែករំលែកចំណេះដឹងដល់និស្សិតកម្រិត Associate Degree ក្នុងនាមជាចុងភៅស្ត្រីតែម្នាក់គត់ពីទ្វីបអាស៊ី ពិតជាជំហានថ្មីមួយទៀត សម្រាប់វិស័យចុងភៅកម្ពុជា អាចជាការបង្ហាញប្រាប់ពិភពលោកថា កម្ពុជាក៏អាចចំណែកមួយក្នុងការអភិវឌ្ឍ និងពង្រឹងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងឆាកអន្តរជាតិ។
សូមជម្រាបថា បេសកកម្មលើកនេះ គឺជាការវិលត្រឡប់មកកាន់សាលា EHL របស់លោកស្រី ប៉ុល គឹមសាន បន្ទាប់ពីវត្តមានលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៨ ជាមួយការចូលរួមចម្អិន ក៏ដូចជាបង្ហាញម្ហូបខ្មែរនៅក្នុងសាលាផ្ទាល់ និងបន្ទាប់ពីកម្មវិធី «រាត្រីនៃប្រទេសកម្ពុជា» Cambodia Night ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក World Economic Forum ដែលបានបង្ហាញ និងបម្រើជូនថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូប នាទីក្រុង Davos កាលពីឆ្នាំ ២០២២៕












