រដ្ឋបាលរាជធានីភ្នំពេញ ការដាក់ឱ្យដំណើរការសាកល្បងការស្នើសុំសេវាតាមអនឡាញ លើសេវាដឹកឆ្លងផ្លូវក្នុងរាជធានីភ្នំពេញ តាមប្រព័ន្ធព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយ (Video inside)
28-10-2026 13:55
(ភ្នំពេញ)៖ ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវារដ្ឋបាលសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកដាក់ពាក្យស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញ នោះរដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការសាកល្បងនូវការស្នើសុំសេវាតាមប្រព័ន្ធ អនឡាញ (Online) លើការស្នើសុំលិខិតអនុញ្ញាតជីកបណ្តោយផ្លូវ ឬឆ្លងផ្លូវក្នុងភូមិសាស្ត្រស្រ្តរាជធានីភ្នំពេញ តាមប្រព័ន្ធព័ត៌មានវិទ្យា របស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
សម្រាប់ប្រជាពលរដ្ឋ ដែលមានបំណងចង់ដាក់ពាក្យស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) សូមចូលទៅកាន់គេហទំព័រ https://ows-user-stg.myplgs.com/home ឬស្កេនយ្យ.អរ.កូដ (QR Code) ខាងក្រោម ដើម្បីបង្កើតគណនី និងស្នើសុំសេវាជីកឆ្លងផ្លូវក្នុងរាជធានីភ្នំពេញ ដោយភ្ជាប់ឯកសារពាក់ព័ន្ធ តាមការណែនាំក្នុងជំហាននីមួយៗ។
ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) ប្រជាពលរដ្ឋទាំងអស់នៅតែអាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវាដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដូចមុនដដែល៕

