FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព (Video inside)

28-10-2026 12:40

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានថ្លែងថា រដ្ឋាភិបាល គ្រោងបន្ថែមម៉ោងសិក្សាដល់៦ម៉ោង នៅគ្រប់សាលារដ្ឋ ដោយបន្ថែមពីរម៉ោង លើម៉ោងក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន នឹងផ្តោតទៅអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សរុប ២,០៤៤នាក់ ក្នុងនោះ ២២នាក់ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះដោយសារកត្តាខ្វះគ្រូបង្រៀន និងអគារសិក្សា ធ្វើឱ្យម៉ោងសិក្សារបស់សិស្សកាត់បន្ថយពី៨ម៉ោង មកនៅត្រឹម ៤ម៉ោង។ ដើម្បីពង្រឹងគុណភាពសិក្សារបស់សិស្ស សម្ដេចធិបតី បានសាកល្បងឱ្យសាលារដ្ឋបន្ថែម ២ម៉ោងទៀតនៅពេលរសៀល។

សម្ដេចបវរធិបតី បានមានប្រសាសន៍ដូច្នេះថា៖ «សាលារដ្ឋនឹងត្រូវរៀន ៦ម៉ោងក្នុងមួយថ្ងៃ ដោយសារកម្មវិធីសិក្សាយើងមានច្រើន ប្រសិនបើពេលវេលាមានតែ ៤ម៉ោង លោកគ្រូអ្នកគ្រូត្រូវកាត់មេរៀនចោលច្រើន ហើយការសិក្សានឹងមិនបានស៊ីជម្រៅផងដែរ។ ចឹងខ្ញុំគិតថា យើងត្រូវតែពង្រីកម៉ោងសិក្សា»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពនិងរៀបចំផែនការក្នុងការកែសម្រួលម៉ោងសិក្សាសម្រាប់សាលារដ្ឋ។ អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាសំខាន់ចំនួនពីរ ដែលនឹងត្រូវពង្រឹងបន្ថែម។

ទន្ទឹមនឹងការពង្រឹងសមត្ថភាពសិក្សារបស់សិស្ស សម្ដេចបវរធិបតី បានថ្លែងថា​ ការបន្ថែមម៉ោងសិក្សា ក៏ចូលរួមចំណែកសម្រាលបន្ទុករបស់ឪពុកម្ដាយ អាណាព្យាបាលសិស្ស ព្រោះការបន្ថែមម៉ោងសិក្សា នឹងធ្វើឱ្យពួកគេមិនសូវមានពេលវេលាទំនេរឥតប្រយោជន៍ច្រើន៕