FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណី Online Scams ឃាត់ខ្លួនជនសង្ស័យ២៩នាក់ ក្នុងនោះជនជាតិវៀតណាម ២៥នាក់

28-10-2026 11:05

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំងចំនួន២ ក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួន និងនាំខ្លួនជនសង្ស័យសរុបចំនួន២៩នាក់ ក្នុងនោះមានជនជាតិវៀតណាម២៥នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

*ទីតាំងទី១៖ ឃាត់ខ្លួនជនសង្ស័យ១៥នាក់

នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន៣០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំរួមដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យ និងឆែកឆេរបឹងហ្គាឡូមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ក្នុងនោះមាន៖

- ជនជាតិខ្មែរ ចំនួន១នាក់ (ស្ត្រី) ជាម្ចាស់ទីតាំង។
- ជនជាតិវៀតណាម ចំនួន១៤នាក់ (បុរស)។

*ទីតាំងទី២៖ ឃាត់ខ្លួនជនសង្ស័យ១៤នាក់

នៅវេលាម៉ោង២១៖៥០នាទី ថ្ងៃដដែល កម្លាំងជំនាញបានបន្តប្រតិបត្តិការនៅអាផាតមិនគោមក្រហម ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយបាននាំខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមាន៖

- ជនជាតិចិន ចំនួន១នាក់ (បុរស) ដែលត្រូវបានសង្ស័យថាជាមេក្លោង និងជាប្តីរបស់ស្ត្រីជនជាតិខ្មែរដែលត្រូវបានឃាត់ខ្លួននៅទីតាំងទី១។
- ជនជាតិវៀតណាម ចំនួន១១នាក់ (ស្ត្រី២នាក់)។
- ជនជាតិខ្មែរ ចំនួន២នាក់ (ស្ត្រី១នាក់)។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃចំនួន៣គ្រឿង កុំព្យូទ័រលើតុចំនួន១៧គ្រឿង ទូរសព្ទដៃចំនួន៦៩គ្រឿង នាឡិកាដៃចំនួន ៤គ្រឿង លិខិតឆ្លងដែនជនជាតិវៀតណាមចំនួន៥ច្បាប់ កាតធនាគារចំនួន៣សន្លឹក ប័ណ្ណស្នាក់នៅប្រទេសអារ៉ាប់ចំនួន១សន្លឹក អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាមចំនួន២សន្លឹក ប័ណ្ណបើកបរជនជាតិវៀតណាមចំនួន១សន្លឹក កាបូបស្ពាយចំនួន៤ ដុំ Wi-Fi ចំនួន១ សម្ភារៈអេឡិចត្រូនិកមួយចំនួន សៀវភៅស្នាក់នៅបណ្តោះអាសន្នចំនួន១ច្បាប់ រថយន្តចំនួន២គ្រឿង និងសម្ភារៈផ្សេងៗទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕