ក្រសួងព័ត៌មាន បើកយុទ្ធនាការឆន្ទៈល្អលើកទី២ ពង្រឹងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ
28-10-2026 10:53
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានរៀបចំយុទ្ធនាការឆន្ទៈល្អលើកទី២ ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានា ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ ដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ»។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មាន និងសហការដោយក្រុមហ៊ុន អ៉ឹម អេស អេ ម៉ាឃីតធីង សឹលូសិន អេស៊ា (MSA) និងសមាគមទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (ស.ភ.ប.ផ.ក) ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ជីប ម៉ុង ហ្វូដ អេនប៊ែវើរីជីស, ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវវើរី ឯ.ក, ក្រុមហ៊ុន ឆេមពាន គ្រុបឯ.ក, ក្រុមហ៊ុន ហ៉ិននីគែន (ខេមបូឌា) ឯ.ក, ក្រុមហ៊ុន ខេមប្រ៊ូវ (កាសស្បែរ ខេមបូឌា) និងក្រុមហ៊ុន មេដៃ ជី.ប៊ី អេនធើប្រាយ។
ការរៀបចំយុទ្ធនាការឆន្ទៈល្អលើកទី២នេះ ឡើងក្នុងគោលបំណងបន្តជំរុញការយល់ដឹង និងលើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុនផលិត អ្នកចែកចាយ អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន សំដៅលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
យុទ្ធនាការឆន្ទៈល្អលើកទី២នេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងក្រុមហ៊ុនផលិត និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អ្នកប្រកបអាជីវកម្ម ក្នុងវិស័យពាក់ព័ន្ធ សមាគមផ្សព្វផ្សាយពាណិជ្ជកម្ម សិល្បៈករ សិល្បៈការិនី អ្នកផលិតមាតិកា និងអ្នកសារព័ត៌មានជាតិប្រមាណ ៥០០នាក់។
ការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់នេះ គឺជាកត្តាសំខាន់ក្នុងការពង្រឹងការយោគយល់គ្នាជំរុញការប្តេជ្ញាចិត្តរួមគ្នា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់។
តាមរយៈយុទ្ធនាការនេះក្រសួងព័ត៌មាននឹងជំរុញការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីវិធានការចាំបាច់នានា ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដោយផ្តោតលើការលើកកម្ពស់ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិការបង្កើនការយកចិត្តទុកដាក់ចំពោះខ្លឹមសារនៃការផ្សព្វផ្សាយ និងការពង្រឹងការទទួលខុសត្រូវរបស់អ្នកពាក់ព័ន្ធ ក្នុងការផលិតចែកចាយ និងផ្សព្វផ្សាយខ្លឹមសារនៃការពាណិជ្ជកម្ម។
ជាពិសេសយុទ្ធនាការឆន្ទៈល្អលើកទី២ បានផ្ដល់ឱកាសឱ្យភាគីពាក់ព័ន្ធ បន្តបង្ហាញការប្តេជ្ញាចិត្ត ក្នុងការសហការអនុវត្តវិធានការដែលពាក់ព័ន្ធ ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធក្នុងការលើកកម្ពស់ការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ ការបន្តកិច្ចសហការនេះនឹងជួយបង្កើនប្រសិទ្ធភាពនៃការអនុវត្តវិធានការគ្រប់គ្រង និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការការពារសុខភាព និងសុខុមាលភាព។
យុទ្ធនាការនេះនឹងរួមចំណែកបង្កើនការយល់ដឹងរបស់ភាគីពាក់ព័ន្ធអំពីវិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម, ពង្រឹងការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន, ជំរុញការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ, ពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយ រួមចំណែកបង្កើតបរិយាកាសសង្គមដែលផ្តល់សារៈសំខាន់ដល់ការការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
ក្រសួងព័ត៌មានសូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនផលិត អ្នកប្រកបអាជីវកម្ម អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រ និងអនុវត្តវិធានការពាក់ព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាការផ្សព្វផ្សាយពាណិជ្ជកម្ម និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងផលិតផលទាំងនេះប្រព្រឹត្តទៅស្របតាមច្បាប់ មានក្រមសីលធម៌ និងគិតគូរដល់ផលប្រយោជន៍សាធារណៈ៕






























