FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូតបារាំង ជួបសម្តេចតេជោ ជជែកពីការត្រៀមទទួល និងជំនួបសន្ទនារវាងសម្តេចតេជោ និងលោកប្រធានាធិបតីបារាំង នៅខែវិច្ឆិកា

27-10-2026 20:33

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦នេះ លោក អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្តីរីករាយ និងស្វាគមន៍ចំពោះ លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា​ក្នុងជំនួបសម្ដែងការគួរសមនាពេលនេះ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់​ទំនង​រវាងកម្ពុជា និងបារាំងនាពេលបច្ចុប្បន្ន ដែលកំពុងតែមានភាពស្អិតរមួតជាមួយគ្នា។

លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានជម្រាបសម្ដេចតេជោ អំពីគោលបំណងនៃការជួប​ជាមួយសម្ដេចតេជោនៅពេលនេះ គឺដើម្បីពិភាក្សាអំពីការត្រៀមរៀបចំនៃដំណើរទស្សន​កិច្ច​របស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង មកកាន់ប្រទេសកម្ពុជា​នៅពេល​ខាង​មុខ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ក៏បានពិភាក្សា និងស្នើទៅកាន់សម្ដេចតេជោ ទាក់ទងនឹងគម្រោងរបស់​លោក​ប្រធានា​ធិប​តីបារាំង ដែលនឹងត្រូវជួបសន្ទនាជាមួយសម្ដេច។

សម្ដេចតេជោ បានសម្ដែងនូវការឯកភាពចំពោះការលើកឡើង ជាពិសេសការត្រៀម​លក្ខណៈ​ជួបពិភាក្សារវាងសម្ដេច ជាមួយលោកប្រធានាធិបតីបារាំងនាពេលខាងមុខ។ សម្ដេចតេជោ ក៏ត្រៀមជជែកទៅលើចំណុចសំខាន់ៗទាក់ទងទៅនឹងទំនាក់ទំនងទ្វេភាគី និងបញ្ហាពាក់ព័ន្ធ​មួយ​ចំនួនទៀត។

សម្ដេចតេជោ និងលោកឯកអគ្គរដ្ឋទូតបារាំង ក៏បានលើកឡើងដោយចង់បន្ថែមនូវ​កិច្ច​សហ​ប្រតិ​បត្តិការរវាងកម្ពុជា និងបារាំងទៅលើវិស័យសុខាភិបាល និងអាកាសចរស៊ីវិលបន្ថែម​ទៀត​។ សម្ដេចតេជោ បានបង្ហាញការពេញចិត្តក្នុងការពង្រឹងកិច្ចការនេះជាមួយបារាំង ដើម្បីធ្វើ​យ៉ាង​ណាឱ្យកាន់តែល្អប្រសើរក្នុងវិស័យសុខាភិបាលក្នុងប្រទេសកម្ពុជា៕