FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូតថ្មីរបស់ជប៉ុន ប្តេជ្ញាធ្វើឱ្យទំនាក់ទំនងកម្ពុជា និងជប៉ុន កាន់តែល្អប្រសើរ

27-10-2026 20:18

(ភ្នំពេញ)៖ លោក អ៉ិស៊ិហ្សឹគិ ហ៊ិដិអុ (ISHIZUKI Hideo) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា បានការពេញចិត្ត និងរីករាយចំពោះទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និង​ជប៉ុន។ លោកឯកអគ្គរាជទូត បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែល្អ​ប្រសើរថែមទៀតក្នុងអាណត្តិការងាររបស់លោកប្រចាំនៅកម្ពុជា។

ការប្តេជ្ញារបស់លោកឯកអគ្គរាជទូត បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជាមួយ​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ក្នុងបេសកកម្មការងារ​របស់លោកឯកអគ្គរាជទូត នឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំ និង​រីកចម្រើនបន្ថែមទៀត។

ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតជប៉ុន បានសម្ដែងការអរគុណ​ចំពោះសម្ដេច​តេជោ ដែល​បានអនុញ្ញាតឱ្យលោក និងសហការីបានជួបសម្ដែងការគួរសមក្នុងឱកាសនេះ។ លោក បាន​សរសើរពីភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដែលដឹកនាំប្រទេសកម្ពុជាឱ្យរីកចម្រើនមក​ដល់​ពេលបច្ចុប្បន្ននេះ។

លោកឯកអគ្គរាជទូត ក៏បានរំលេចដែរថា ប្រទេសកម្ពុជា និងជប៉ុន ជាមិត្តដ៏ល្អជាមួយគ្នា។ លោកបន្ថែមថា ក្នុងអាណត្តិការងាររបស់លោក ជាឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំនៅកម្ពុជា លោកបាន​ប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ឱ្យកាន់តែ​រីក​ចម្រើន។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការមួយចំនួន ដែល​ប្រ​ទេសទាំងពីរ គប្បីត្រូវធ្វើបន្ថែម គឺទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុង​វិស័យ​សេដ្ឋ​កិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម ហើយសំខាន់ថែមទៀតនោះ គឺការតភ្ជាប់​រវាង​ប្រជា​ជន និងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តនូវការលើកឡើងរបស់លោកឯកអគ្គរាជ​ទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានពិពណ៌នាអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន ដែល​មានមកជាមួយគ្នា។ សម្ដេចតេជោ បានលើកឡើងថា ពេលនេះប្រទេសទាំងពីរ គឺជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានពូនជ្រុំនាពេលកន្លង មកតាំងពីពេលសម្ដេចនៅជា​នាយករដ្ឋមន្ត្រី ហើយបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​នៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ។ សម្ដេចតេជោ បន្ថែមថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងជប៉ុន គឺមិន​អាចខ្វះបានឡើយនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលត្រូវដើរទន្ទឹម​គ្នា។

ទាក់ទងទៅនឹងទំនាក់ទំនងនយោបាយរវាងកម្ពុជា និងជប៉ុន សម្ដេចតេជោ ហ៊ុន សែន ក៏​បាន​អរគុណចំពោះជប៉ុន ដែលបានចូលរួមចំណែកជួយដល់ការ​អភិវឌ្ឍក្នុង​ប្រទេសកម្ពុជា នាពេលកន្លងមក៕