កម្លាំងនគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបបទល្មើសជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ នៅអគារខុនដូរបូរីសែនសុខ ខណ្ឌសែនសុខ
27-10-2026 15:52
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ១២៖៤៥នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលការងារផែនប្រឆាំងការជួញដូរមនុស្ស, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលការផែនសន្តិសុខ និងលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ស្នងការរង បានដឹកនាំកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយគណៈបញ្ជាការរដ្ឋបាលខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោកស្រី ផាន់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណី ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រ្តីពពោះ ស្ថិតនៅ បន្ទប់ខុនដូ ចំនួន ០២បន្ទប់ នៃអគារខុនដូរបូរីសែនសុខ អាគារC ផ្លូវបេតុង ភូមិ ទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
កម្លាំងនគរបាល បានរកឃើញមានជនបរទេស ចំនួន ០៥នាក់ស្រី ក្នុងនោះមាន៖
*ជនជាតិចិន ចំនួន ០១នាក់ស្រី ជាអ្នកចាត់ចែង និងរៀបចំមើលថែឲ្យមានការពពោះ
*ជនជាតិរៀតណាម ចំនួន ០៤នាក់ស្រីព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕





