FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាដាក់ចេញនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា

27-10-2026 15:41

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ក្នុងការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន សំដៅបង្កើន «ភាពស្អាត ភាពបៃតង និងចីរភាព» នៅកម្ពុជា។

ការអនុម័តនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងការដោះស្រាយបញ្ហានៃការបំពុលដោយផ្សែងអ័ព្ទ។

ក្រសួងបរិស្ថានបានសហការជាមួយស្ថានបេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន តាមរយៈមូលនិធិបៃតងអាស៊ាន–ចក្រភពអង់គ្លេស ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីមជ្ឈមណ្ឌលបរិស្ថានសកល (GEC) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) រៀបចំក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា។

ក្របខណ្ឌនេះបានកំណត់នូវឱកាសវិនិយោគជាអាទិភាព និងយុទ្ធសាស្ត្រហិរញ្ញប្បទានដែលសមស្របនឹងបរិបទកម្ពុជា ដាក់ចេញនូវយន្តការពង្រឹងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន និងយន្តការតាមដាន និងរាយការណ៍នៅថ្នាក់តំបន់ ដើម្បីគាំទ្រដល់ការអនុវត្តក្របខណ្ឌនេះ។

ជាមួយផែនទីបង្ហាញផ្លូវដ៏ជាក់លាក់នេះ កម្ពុជាសូមស្វាគមន៍ភាពជាដៃគូ និងការវិនិយោគពីស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការសប្បុរសធម៌ និងវិស័យឯកជន ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកវិសាលភាពនៃការអនុវត្តក្របខណ្ឌនេះឱ្យបានទូទាំងប្រទេស។

ចូរយើងរួមគ្នាអាចប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង និងកសាងអាស៊ានឱ្យក្លាយជាតំបន់ដែលគ្មានផ្សែងអ័ព្ទ និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់មនុស្សជំនាន់ក្រោយ៕