FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ ចុះអប់រំណែនាំចំពោះអ្នកបើកបររថយន្តធុនធ្ងន់ ដែលឈប់ចតអនាធិបតេយ្យនៅតាមបណ្តោយឆ្នេរព្រែកត្រែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់

27-10-2026 15:36

(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ចំពោះម្ចាស់ និងអ្នកបើកបររថយន្តធុនធំសណ្តោងរម៉ក (រថយន្តកុងតឺន័រ) ដែលបានឈប់ចតនៅលើបណ្តោយផ្លូវឆ្នេរ និងដីចំណីផ្លូវ ដោយមិនគោរពផ្លាកសញ្ញាចរាចរណ៍។

ការចុះអប់រំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ នៅតំបន់ឆ្នេរព្រែកត្រែង ស្ថិតភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តព្រះសីហនុបានធ្វើការណែនាំ និងតម្រូវឱ្យអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ រកទីតាំងចំណតចតឱ្យបានត្រឹមត្រូវ ដោយបានសម្របសម្រួល និងចង្អុលបង្ហាញទីតាំងចំណតផ្លូវការមួយចំនួនជូនពួកគាត់ ដើម្បីចតរថយន្តឱ្យមានរបៀបរៀបរយ។

គូសជម្រាបជូនថា តំបន់ឆ្នេរព្រែកត្រែង ជាតំបន់ទេសចរណ៍ដ៏សំខាន់ ការចតរថយន្តធុនធ្ងន់អនាធិបតេយ្យបានធ្វើអោយបាត់បង់សោភ័ណភាព ប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ បង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ។

រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវយ៉ាងទទូចដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ មេត្តាចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និង សូមកុំបញ្ឈប់ ឬចតរថយន្តនៅលើទ្រូងផ្លូវ ដីចំណីផ្លូវនៅតាមតំបន់ឆ្នេរ និងផ្លូវសាធារណៈនានា ដើម្បីរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត៕