FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តបញ្ចប់ការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងនីតិកាលទី៧ នៃរដ្ឋសភា

27-10-2026 15:28

(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩)។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីវឌ្ឍនភាពការងារ និងសមិទ្ធផលសំខាន់ៗជាច្រើន ព្រមទាំងបានប្តេជ្ញាចិត្តបញ្ចប់ការចុះបញ្ជីដីធ្លីដែលនៅសេសសល់ទាំងស្រុង និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបាន ១០០% ក្នុងអាណត្តិនីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីចំណុចស្នូលនៃ «សមរភូមិទាំង៧» របស់ក្រសួង៖

*ទី១៖ ការរៀបចំផ្ទះសំបែងឱ្យរៀបរយ ពង្រឹងរដ្ឋបាលសាធារណៈទំនើប និងកសាងមូលធនមនុស្ស។

*ទី២៖ បញ្ចប់ការចុះបញ្ជីដី ដោះស្រាយវិវាទដីធ្លី និងបញ្ហាចម្រូងចម្រាសតាមបុរី។

*ទី៣៖ កំណត់តំបន់អភិវឌ្ឍន៍ របៀងសេដ្ឋកិច្ច និងលំហសាធារណៈ។

*ទី៤៖ ជំរុញលំនៅឋានតម្លៃសមរម្យ និងដីសង្គមកិច្ចជូនជនក្រីក្រព្រមទាំងកងកម្លាំង។

*ទី៥៖ ធានាសុវត្ថិភាព គុណភាព និងលើកតម្កើងអត្តសញ្ញាណស្ថាបត្យកម្មសហសម័យ។

*ទី៦៖ អភិវឌ្ឍវិស័យសំណង់ គ្រឿងបង្គុំ អចលនទ្រព្យ និងសង្ហារឹម។

*ទី៧៖ ពង្រឹងកិច្ចការថ្នាក់ក្រោមជាតិ និងអភិវឌ្ឍន៍មូលដ្ឋានខេត្តព្រះសីហនុ កំពត និងកែប។

លោកស្រី និន សាផុន បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ក្នុងការបន្តមរតកសមិទ្ធផលរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពកម្ពុជា និងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកស្រី និន សាផុន បានសម្តែងនូវជំនឿចិត្តយ៉ាងមុតមាំ និងបានស្នើឱ្យក្រសួងបន្តខិតខំ លើកម្ពស់ការងារសំខាន់ៗដូចខាងក្រោម៖

*ពង្រឹងក្របខ័ណ្ឌគតិយុត្ត លើកកម្ពស់ស្តង់ដារសុវត្ថិភាពសំណង់ និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

*ជំរុញការកែទម្រង់ដីធ្លី ដើម្បីបញ្ចប់ការចុះបញ្ជីដីលើកដំបូង និងការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យកាន់តែស៊ីជម្រៅ។

*ទប់ស្កាត់ និងដោះស្រាយវិវាទ ការទន្ទ្រានដីរដ្ឋ និងពង្រឹងយន្តការដោះស្រាយវិវាទដីធ្លី ដើម្បីផ្តល់ភាពសុខដុមរមនាក្នុងសង្គម។

*បន្តផ្តល់ដី/ផ្ទះសម្បទានសង្គមកិច្ចជូនគ្រួសារក្រីក្រ និងកងកម្លាំងប្រដាប់អាវុធប្រកបដោយតម្លាភាព។

*ជំរុញការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម។

*ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា តាមរយៈការផ្លាស់ប្តូររបាយការណ៍ និងព័ត៌មានជាប្រចាំ៕