រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ

27-10-2026 15:16

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានប្រកាសបង្កើតរដ្ឋសភាដោយខុសច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយចាត់ទុកទង្វើនេះថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ។

យោងតាមញត្តិថ្កោលទោសរបស់រដ្ឋសភាជាតិ បានគូសបញ្ជាក់ថា អង្គការចាត់តាំងដែលបង្កើតឡើងនៅក្រៅប្រទេសនោះ គឺជាស្ថាប័នខុសច្បាប់ មិនស្របតាមរបបលទ្ធិប្រជាធិបតេយ្យ និងមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ រដ្ឋសភាបានសង្កត់ធ្ងន់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាស្ថាប័ននីតិប្បញ្ញត្តិស្របច្បាប់តែមួយគត់ ដែលកើតចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ស្របតាមមាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លួនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី។

នៅក្នុងញត្តិដដែលនេះ រដ្ឋសភាបានហៅចេតនារបស់ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេសថា ជាការបន្តមហិច្ឆតានយោបាយទុច្ចរិត ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់ បំបែកបំបាក់សាមគ្គីជាតិ ការបោកបញ្ឆោត និងប្រជាភិថុតិ ដោយមិនខ្វល់ពីសោកនាដកម្មដែលកើតចេញពីអំពើក្រៅច្បាប់របស់ខ្លួនឡើយ។ រដ្ឋសភាក៏បានព្រមានជាសាធារណៈថា រាល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងចលនាឧទ្ទាមក្រៅច្បាប់នេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា និងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សមដូចពាក្យបុរាណាចារ្យខ្មែរដែលចែងថា «អ្នកសាបព្រួសខ្យល់ តែងរងមកវិញនូវព្យុះសង្ឃរា»។

ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា បានលើកឡើងថា បច្ចុប្បន្នរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញតួនាទីរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស រាជរដ្ឋាភិបាលបានធានាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការឈ្លានពានរបស់បរទេស តាមរយៈការប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ច្បាប់អន្តរជាតិ និងយន្តការទ្វេភាគី ដោយភាពអត់ធ្មត់ និងបត់បែនតាមគោលការណ៍ «ស្ងាត់តែមិនស្ងៀម» ព្រមទាំងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដោយមានការកោតសរសើរពីស្ថាប័នអន្តរជាតិនានា។

ជាចុងក្រោយ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ឱ្យលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់ឧបាយកលរបស់ក្រុមឧទ្ទាម និងបន្តរក្សាសាមគ្គីភាព ព្រមទាំងការជឿជាក់លើរាជរដ្ឋាភិបាល សភា និងថ្នាក់ដឹកនាំកំពូល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព វិបុលភាព និងកិត្យានុភាពលើឆាកអន្តរជាតិ៕