FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រី កែវ រតនៈ ប្រកាសចូលកាន់តំណែង លោក ស សែនស្រស់ ជាប្រធានមន្ទីររ៉ែខេត្តតាកែវ ជំនួសលោក ផេង វុធ ដែលចូលនិវត្តន៍

27-10-2026 15:14

(តាកែវ)៖ លោក ស សែនស្រស់ ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តតាកែវ ជំនួសលោក ផេង វុធ ដែលត្រូវដល់អាយុចូលនិវត្តន៍។ ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរ៉ែនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួង​រ៉ែ និងថាមពល និងលោក​ វ៉ី សំណាង អភិបាលខេត្តតាកែវ។

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងនោះ លោកអភិបាលខេត្តតាកែវ បានជំរុញប្រធានមន្ទីរថ្មី ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក និងត្រូវទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ និងធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំជូនដល់ក្រុមហ៊ុនសហគ្រាស/អាជីវករ និងប្រជាពលរដ្ឋឲ្យបានជាប់ជាប្រចាំ ព្រមទាំងជំរុញការផ្តល់សេវារដ្ឋបាលនានា ក្នុងវិស័យរ៉ែ និងថាមពលជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកប​ដោយតម្លាភាព និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើការណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវលើកការអនុវត្តច្បាប់ ការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ព្រមទាំងបទដ្ឋានគតិយុត្តនានារបស់ក្រសួង ឱ្យបានខ្ជាប់ខ្ជួន និងត្រូវទប់ស្កាត់កាធ្វើអាជីវកម្មខុសច្បាប់ ត្រូវបង្កើនការចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះការធ្វើអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ ជាពិសេសត្រូវខឹតខំប្រឹងប្រែងប្រមូលកម្រៃសេវាលើវិស័យរ៉ែ និងថាមពលនៅក្នុងខេត្តឲ្យបានច្រើនប្រកបដោយតម្លាភាពដើម្បីបង្កើនចំណូលចូលថវិការជាតិ។

លោក ស សែនស្រស់ ដែលទើបទទួលបានការតែងតាំងជាប្រធានមន្ទីរថ្មី បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការខឹតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងប្រសិទ្ធភាពការងារ និងជំរុញកិច្ចសហការជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាតនៅក្នុងខេត្តតាកែវ ប្រកបដោយចីរភាព និងប្រសិទ្ធភាព សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តតាកែវ និងសេដ្ឋកិច្ចជាតិ៕