FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈបញ្ជាការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បញ្ជាក់ពីប្រតិបត្តិ​ការ​បង្ក្រាប​អ្នកអូសលៀសខុសច្បាប់ ក្រោយមានការបង្ហោះវីដេអូវាយប្រហារផ្ទុយពីការពិត (Video inside)

27-10-2026 14:46

(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានចេញមកបញ្ជាក់លើប្រតិបត្តិការបង្ក្រាបការអូសលៀសខុសច្បាប់លើផ្ទៃបឹងទន្លេសាប បន្ទាប់ពីមានការចែកចាយវីដេអូរង្វង់ប្រតិបត្តិការវាយប្រហារ និងចោទប្រកាន់ខុសការពិត។

យោងតាមសេចក្តីបំភ្លឺរបស់គណៈបញ្ជាការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យ​ដឹង​ថា វីដេអូដែលបានបង្ហោះចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ជាករណីបង្ក្រាបបទ​ល្មើស​នេសាទអូសយកលៀសដោយខុសច្បាប់ ដែលបានកើតឡើង កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ២០២៦ វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ស្ថិតនៅភូមិចុងប្រឡាយ ឃុំកំពង់​ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងសេចក្តីបំភ្លឺបានរៀបរាប់ថា នៅថ្ងៃកើតហេតុ កងកម្លាំងសម្ងាត់ក្លែងភេទស្លៀក​ពាក់​ស៊ី​វិល បានល្បាតប្រទះឃើញករណី បទល្មើសអូសយកលៀស ដែលមានទូកចំនួន ២​គ្រឿង និងមនុស្សសរុបចំនួន ៦នាក់ កងកម្លាំងក៏បានចូលទៅសួរនាំ និងរកលិខិតអនុញ្ញាត របស់មន្ត្រីជំនាញជលផល ប៉ុន្ដែពួកគាត់ពុំមានលិខិតអនុញ្ញាតនោះទេ។

ការអូសយកលៀសនៅតំបន់បឹងទន្លេសាប ត្រូវមានលិខិតអនុញ្ញាតពីមន្ត្រី​ជំនាញ​ជលផល ដែលកំណត់តំបន់ ឬទីតាំងអនុញ្ញាតឱ្យអូសយកលៀស ព្រោះការអូស​យក​លៀសនៅ​តំបន់​មួយចំនួនអាចធ្វើឱ្យប៉ះពាល់ និងបំផ្លាញធនធានមច្ឆជាតិជីវៈចម្រុះ​យ៉ាងធ្ងន់ធ្ងរ។

ក្រោយសួរនាំហើយមិនមានលិខិតអនុញ្ញាត កងកម្លាំងស្នើសុំឱ្យពួកគាត់ រួមទាំងវត្ថុតាងធ្វើ​ដំណើរទៅកាន់ទីស្នាក់ការ ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការនេសាទ​អូស​យកលៀសដោយខុសច្បាប់បន្តទៀត។

ពេលនោះពួកគាត់បានយល់ព្រមធ្វើដំណើរទៅកាន់ទីស្នាក់ការជាមួយកងកម្លាំង ដល់ពាក់​កណ្ដាលផ្លូវទូក១គ្រឿង បានកាត់ខ្សែទូកបើករត់គេច រួមទាំងវត្ថុតាងលៀសនៅលើទូក សំដៅចូលទៅភូមិ ពេលនោះកងកម្លាំងមាន២ក្រុម មួយក្រុមមានឯកសណ្ឋានកងទ័ព បានបន្តនាំទូក១គ្រឿង ទៅកាន់ទីស្នាក់ការ និងមួយក្រុមទៀតស្លៀកពាក់ស៊ីវិល បន្តប្រដេញ​តាមរហូតដល់ភូមិ ដោយពួកគាត់បានលោតចូល ទឹកគេចខ្លួនបាត់ បន្សល់ទុកទូក និង​លៀស ឱ្យក្រុមគ្រួសារគាត់កើបលៀសចាក់ចូលក្នុងទន្លេវិញ និងធ្វើសកម្មភាពតវ៉ាជា​មួយ​កងកម្លាំង ដូចមានក្នុងវីដេអូផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។ ខណៈនោះ កង​កម្លាំង​មានឯកសណ្ឋានកងទ័ព ក៏បានត្រឡប់មកជួយឃាត់ដែរ តែពួកគាត់មិនបានថត គឺថតយក តែក្រុមសម្ងាត់ស្លៀកពាក់ស៊ីវិលប៉ុណ្ណោះ។

បន្ទាប់ពីតវ៉ាដូចក្នុងសកម្មភាពវីដេអូរួច កងកម្លាំងទាំង២ក្រុម ក៏បាននាំយកទូក និងវត្ថុតាង មកកាន់ទីស្នាក់ការ និងឱ្យពួកគាត់ចូលខ្លួនមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព​ប្រព្រឹត្តបទ​ល្មើសនេសាទខុសច្បាប់បន្តទៀត ក្នុងនោះទូកចំនួន ១គ្រឿង ដែលមិនបានរត់គេចខ្លួន បា​ន​ចូលមកទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យា ព្រមបញ្ឈប់ ប្រព្រឹត្តបទ​ល្មើសនេសាទ​ខុស​ច្បាប់បន្តទៀត។

ដោយឡែកចំពោះទូកចំនួន ១គ្រឿង ដែលបានរត់គេចរហូតដល់ភូមិ មិនបានចូលមក​ធ្វើ​កិច្ចសន្យា បញ្ឈប់ទង្វើនេសាទខុសច្បាប់នោះទេ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក៏បានបង្ហោះចែកចាយវីដេអូ តាមបណ្តាញសង្គមហ្វេសប៊ុក ដោយថតវីដេអូសកម្ម​ភាពតែ​កង​កម្លាំងស្លៀកពាក់ស៊ីវិលក្លែងភេទប៉ុណ្ណោះ ដោយក្នុងនោះក៏មានកងកម្លាំងស្លៀកពាក់​ឯក​សណ្ឋានកងទ័ពចូលរួមប្រតិបត្តិការដែរ។

សូមបញ្ជាក់ថា នៅក្នុងសកម្មភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ចំពោះ​កង​កម្លាំង ប្រើប្រាស់ឯកសណ្ឋានកងទ័ព ចេញប្រតិបត្តិការល្បាតត្រួតពិនិត្យ និងបង្ក្រាបបទ​ល្មើស គឺមិនសូវមានប្រសិទ្ធភាព និងទទួលជោគជ័យនោះទេ។

ចំពោះកងកម្លាំងស្លៀកពាក់ស៊ីវិល ក្លែងភេទជាប្រជានេសាទ គឺបំពេញប្រតិបត្តិការនៅតំបន់​ដែលមានការសង្ស័យ និងការរាយការណ៍ជាក់ស្ដែងពីប្រជានេសាទ ភាគច្រើនទទួលបាន​លទ្ធផលប្រសិទ្ធភាព និងបង្ក្រាបបានច្រើនករណីជាងការប្រើឯកសណ្ឋានកងទ័ព ចំពោះ​ការ​ឃ្លុំមុខរបស់កងកម្លាំង ដោយសារមូលហេតុនៅថ្ងៃកើតហេតុ គឺនៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ លើផ្ទៃបឹងទន្លេសាប មានអាកាសធាតុក្ដៅខ្លាំង។

សូមជម្រាបដែរថា ចំពោះបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប មានភាពស្មុគស្មាញ មាន​ច្រើនរូបភាព និងច្រើនទម្រង់ ទាំងលើផ្ទៃទឹក តំបន់អភិរក្សពូជត្រី តំបន់ព្រៃលិចទឹក ដោយ​ក្រុម​ជនខិលខូចដែលប្រព្រឹត្តបទល្មើស តែងតែប្រើប្រាស់គ្រប់រូបភាពតាមដានការ​ចេញ​ល្បាត​របស់កងកម្លាំងដែលប្រើប្រាស់ឯកសណ្ឋានកងទ័ព ដោយក្រុមជនល្មើសបានដាក់​បណ្តាញ​តាមឃ្លាំមើលការចេញប្រតិបត្តិការរបស់កងកម្លាំង និងផ្ដល់ព័ត៌មាន​ដល់ក្រុម​ប្រព្រឹត្តបទល្មើស ឱ្យទម្លាក់វត្ថុតាងប្រព្រឹត្តបទល្មើសចូលក្នុងទឹកទន្លេ ឬតំបន់ព្រៃលិចទឹក ដើម្បីគេចពីការបង្ក្រាបរបស់កងកម្លាំង៕

សូមអានសេចក្ដីបំភ្លឺដែលមានខ្លឹមសារទាំងស្រុង៖