ធនាគារ ARDB និង FASMEC ចាប់ដៃគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងអភិវឌ្ឍ MSMEs នៅកម្ពុជា
27-10-2026 14:37
(ភ្នំពេញ)៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសរៀបចំ វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs», ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ និងអភិវឌ្ឍ MSMEs នៅកម្ពុជា។
អនុស្សរណៈនេះចុះហត្ថលេខាដោយ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC។
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងសំខាន់ៗរួមមាន៖ (១) ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ MSMEs ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងកសិអេកូទេសចរណ៍, (២) លើកកម្ពស់សមត្ថភាព MSMEs ក្នុងការរៀបចំផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ និង (៣) ពង្រឹងកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹងរវាងភាគីទាំងពីរ។
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់ MSMEs នៅកម្ពុជា។
វេទិកាថ្នាក់ជាតិស្តីពី «ហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)» លើកទី១ ឆ្នាំ២០២៦នេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៧ និងទី២៨ ខែតុលា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A, B និង C) រាជធានីភ្នំពេញ៕




