FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (Video inside)

27-10-2026 14:33

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយក នាយិកា នៃសាលារៀនចំនួន​ ១៦១សាលា ដែលជាសាលារៀនគោលដៅ​របស់គណៈ​កម្មាធិការ​ជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (ហៅកាត់ថា គ.វ.អ.)។

យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ជំនួបនេះធ្វើឡើង ដើម្បី​ចុះស្តាប់ដោយផ្ទាល់អំពីវឌ្ឍនភាព​ការងារ លទ្ធផលសម្រេចបាន និងបញ្ហាប្រឈមក្នុងការអនុវ​ត្ត​ក​ម្មវិធីសិក្សាថែមម៉ោង ព្រមទាំងធ្វើការវាយតម្លៃលើការអនុវត្តរបស់សាលាគោលដៅ​ ដែល​បានអនុវត្តកន្លងមក។ ជាពិសេសស្វែងរកវិធីសាស្ត្របន្ថែមក្នុងការជំរុញការអប់រំនៅ​កម្រិតមូល​ដ្ឋាន ដើម្បីឈានទៅអាចអនុវត្តស្តង់ដានៃការបណ្តុះបណ្តាល និងគុណភាពការអប់រំកាន់​តែល្អប្រសើរ ដោយឈរលើការផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព​ ឥរិយាបថល្អ សីលធម៌ និងការទទួលខុសត្រូវ ឱ្យបានគ្រប់សាលារៀននៅទូទាំងប្រទេស។

វិធានការគន្លឹះក្នុងវិស័យអប់រំ គឺជាកម្មវិធីកែទម្រង់មុតស្រួចលើវិស័យអប់រំ ដាក់ចេញ​ដោយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញការអប់រំមានការផ្លាស់​ប្តូរដោយវិជ្ជមាន​យ៉ាងពិតប្រាកដ និងការទទួលខុសត្រូវធំធេងចំពោះអនាគតមូលធនមនុស្សនៅកម្ពុជា។

វិធានការគន្លឹះទាំង៤រួមមាន ៖ (១). អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នក​ដឹកនាំ​របស់បុគ្គលិកអប់រំ, គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន), (២). ការពិនិត្យកែ​លម្អ​កម្ម​វិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌, (៣). ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្ស, (៤). ការជំរុញ និង​លើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ចាប់តាំងពីឆ្នាំ២០២៤ មក មានសាលាគោលដៅដែលស្ម័គ្រចិត្តចូលរួ​ម​អនុវត្ត​វិធានការគន្លឹះ សរុបចំនួន១៦១សាលា នៅទូទាំងប្រទេស និងមានគ្រូបង្គោលចំនួន ៦១នាក់ ដែលជ្រើស​រើស​ចេញពីអតីតនាយកសាលា គ្រូបង្រៀន និងមន្ត្រីអប់រំដែល​មានស្នា​ដៃ​ឆ្នើម ដើម្បីចែក​រំលែក​បទពិសោធន ឧត្តមានុវត្តន៍ និងជោគជ័យល្អៗ ដល់សាលា​គោល​ដៅ។

សាលារៀនទាំង ១៦១សាលា នៅតាមរាជធានីខេត្តរួមមាន៖ រាជធានីភ្នំពេញ (៤សាលា), ខេត្ត​កណ្តាល (១២សាលា), ព្រៃវែង (៩សាលា), ស្វាយរៀង (៨សាលា), កំពង់ស្ពឺ (៨សាលា), តា​កែវ (១៤សាលា), កំពត (៣សាលា), កែប (២សាលា), ព្រះសីហនុ (៦សាលា), កំពង់ឆ្នាំង (១៦​សាលា), ពោធិ៍សាត់ (៤សាលា), បាត់ដំបង (៨សាលា), ប៉ៃលិន (៤សាលា), កោះកុង (៤​សាលា), កំពង់ធំ (៧សាលា), ខេត្តសៀមរាប (១៤សលា), បន្ទាយមានជ័យ (៥សាលា), ឧត្តរ​មានជ័យ (៤សាលា), ព្រះវិហារ (២សាលា), កំពង់ចាម (១៤សាលា), ត្បូងឃ្មុំ (៤សាលា, ក្រចេះ (២សាលា), ស្ទឹងត្រែង (៣សាលា), មណ្ឌលគិរី (២សាលា) និងរតនគិរី (២សាលា)៕