អង្គការ APOPO បន្តគាំទ្រស៉ីម៉ាក់ ក្នុងការពន្លឿនការបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតាមបណ្តាខេត្តជាប់ព្រំដែន
27-10-2026 14:22
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា រវាងអង្គភាព CMAC និងអង្គការ APOPO ក្រោមគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញ នៅតាមបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»។
គម្រោងនេះ មានរយៈពេលអនុវត្ត ១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយមានថវិកាគាំទ្រគម្រោងសរុបចំនួន ១ ៦០០ ០០០អឺរ៉ូ ស្មើនឹងចំនួនប្រមាណ ១ ៨០០ ០០០ដុល្លារអាម៉េរិក ជាជំនួយហិរញ្ញប្បទានឥតសំណង របស់សហភាពអឺរ៉ុប (EU)។
សូមជម្រាបថា អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់មួយ របស់អង្គភាព CMAC ក្នុងការងារបោសសម្អាមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤មក។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែង ដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់គ្រាប់បែកចង្កោម របស់ថៃឈ្លានពានក្នុងសង្គ្រាមឆ្នាំ២០២៥ ដែលបានបាញ់ផ្លោងមកលើលំនៅដ្ឋាន និងស្រែចម្ការរបស់ប្រជាជន ព្រមទាំងពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការបោសសម្អាតមីន រួមទាំងការប្រើប្រាស់សុនខ និងកណ្តុរហិតមីន ក្នុងប្រតិបត្តិការមនុស្សធម៌។
ការអនុវត្តគម្រោងនឹងរួមចំណែកដល់ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គម នៅតាមតំបន់រងផលប៉ះពាល់ ពង្រឹងសុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចខិតខំប្រឹងប្រែងនេះ ក៏បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC ដៃគូអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាសំណល់ យុទ្ធភណ្ឌសង្គ្រាមដែលបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
តាមរយៈគម្រោងនេះ អង្គភាព CMAC និងអង្គការ APOPO ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ នេះជាការរួមចំណែកដ៏មានអត្ថន័យ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ ការស្តារសហគមន៍ និងការលើកកម្ពស់សន្តិសុខមនុស្ស នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា៕





