FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកបូរីជលសារ បង្ក្រាបបទល្មើសនេសាទនៅសហគមន៍នេសាទបូរីជលសារ

27-10-2026 14:03

(តាកែវ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូរីជលសារ ដឹកនាំដោយលោក នាង សំណាង អភិបាលរងស្រុក បានសហការជាមួយរដ្ឋបាលជលផលតាកែវ ដឹកនាំដោយលោក ពឹង ទិត នាយខ័ណ្ឌរដ្ឋបាលជលផលតាកែវស្ដីទី នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦នេះ បានចុះបង្រ្កាបបទល្មើសនេសាទនៅសហគមន៍នេសាទបូរីជលសារ ដោយបានរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួន។

លោក នាង សំណាង បានថ្លែងថា ការចុះបង្រ្កាបនេះធ្វើឡើងតាមការណែនាំរបស់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដើម្បីថែរក្សាធនធានធម្មជាតិសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរឹបអូសសៃយ៉ឺនស្បៃមុងចំនួន ១០មាត់លូ របាំងស្បៃមុង ៣០០ម៉ែត្រ របាំងសាច់អួន ៤៥០ម៉ែត្រ និងបង្គោលឫស្សីចំនួន ៦០បង្គោល ដែលនឹងត្រូវយកទៅដុតបំផ្លាញចោល។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងស្រុក និងលោកនាយខ័ណ្ឌរដ្ឋបាលជលផលស្ដីទី បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីធានានូវធនធានមច្ឆាក្នុងបឹង និងជាផលប្រយោជន៍រួមរបស់បងប្អូននៅមូលដ្ឋាន៕