រដ្ឋមន្ត្រី ហួត ហាក់៖ គម្រោងហូកាបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់អ្នកទទួលផលជាង ១០,៤០០នាក់ និងពង្រីកវិសាលភាពដល់ ១៦ខេត្ត
27-10-2026 10:17
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «ទិវាជំនាញហូកា ឆ្នាំ២០២៦» លើកទី៤ ក្រោមប្រធានបទ «ជំនាញសម្រាប់អនាគតរួមគ្នា៖ ពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍តាមរយៈការសិក្សាពេញមួយជីវិត» ដោយមានការចូលរួមពីលោក Reto Grueninger នាយកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន គ្រូបណ្តុះបណ្តាល និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ២៨០នាក់។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ជំនួយរបស់ LED និងកិច្ចសហការរបស់អង្គការស្វីសខន់ថាក់ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) ឱ្យសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៦ គម្រោងហូកាបានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពអ្នកទទួលផលសរុប ១០,៤៨៨នាក់ រួមមានយុវជនក្រីក្រ និងងាយរងគ្រោះ អ្នកជំនាញកម្រិតទាប ម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច។ ជាមួយគ្នានេះ វិសាលភាពនៃការអនុវត្តគម្រោងបានពង្រីកពី៣ខេត្តក្នុងឆ្នាំ២០១៧ ដល់១៦ខេត្តគោលដៅក្នុងឆ្នាំ២០២៦។
លោក ហួត ហាក់ បានបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ គឺជាការងារអាទិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់ទុក «មនុស្ស» ជាអាទិភាពទី១។ ដូច្នេះ ការបណ្តុះបណ្តាលជំនាញថ្មី និងការពង្រឹងជំនាញបន្ថែម ត្រូវឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការវិវត្តនៃបច្ចេកវិទ្យា។
លោករដ្ឋមន្ត្រីបានបន្ថែមថា ការអភិវឌ្ឍជំនាញមិនបញ្ចប់ត្រឹមការបណ្តុះបណ្តាលមួយវគ្គនោះទេ ប៉ុន្តែជាដំណើរការសិក្សា និងពង្រឹងសមត្ថភាពពេញមួយជីវិត ដើម្បីបង្កើនឱកាសការងារ វឌ្ឍនភាពអាជីព និងផលិតភាព ព្រមទាំងលើកកម្ពស់គុណភាពសេវាកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។
ដើម្បីបន្តជំរុញការងារនេះ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ឱ្យពង្រឹងប្រសិទ្ធភាពកម្មវិធីហូកា និងពិនិត្យលទ្ធភាពពង្រីកវិសាលភាពទៅទូទាំងប្រទេស ស្របតាមយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ និងជំនាញឌីជីថល» និង «សេវាមួយ ស្តង់ដាមួយ»។ ទន្ទឹមនឹងនេះ ត្រូវជំរុញការភ្ជាប់កម្មវិធីបណ្តុះបណ្តាលទៅនឹងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា និងពិនិត្យលទ្ធភាពទទួលស្គាល់ការសិក្សាពីមុន ដើម្បីឱ្យជំនាញ និងបទពិសោធការងាររបស់អ្នកជំនាញទេសចរណ៍ទទួលបានការទទួលស្គាល់ជាផ្លូវការ និងមានផ្លូវអភិវឌ្ឍអាជីពកាន់តែច្បាស់លាស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យបន្តពង្រីកការបណ្តុះបណ្តាលដល់អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងជំរុញការអនុវត្តកម្មវិធី «ហូកាបៃតង»។ លោកក៏បានអំពាវនាវដល់សមាគមទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ ឱ្យបន្តវិនិយោគលើការបណ្តុះបណ្តាលបុគ្គលិក ខណៈគ្រឹះស្ថានបណ្តុះបណ្តាលត្រូវបន្តពង្រឹងគុណភាពកម្មវិធីសិក្សា និងសមត្ថភាពគ្រូបង្រៀន ដើម្បីអភិវឌ្ឍអ្នកជំនាញក្នុងស្រុកឱ្យមានសមត្ថភាពកាន់តែខ្ពស់ និងអាចឈានទៅកាន់តួនាទីគ្រប់គ្រង និងដឹកនាំអាជីវកម្មទេសចរណ៍នាពេលអនាគត៕


















