FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោករដ្ឋលេខាធិការ សូ វិសុទ្ធី ដឹកនាំគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធុរកិច្ចឌីជីថលកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ Lao Digital Week 2026

27-10-2026 09:47

(ឡាវ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២១-២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួង និងធុរកិច្ចឌីជីថលកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ Lao Digital Week 2026 នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចែករំលែកពីបទពិសោធបរិវត្តកម្មឌីជីថល លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យឌីជីថលនៅកម្ពុជា។

នាឱកាសនេះ រដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាកម្រិតខ្ពស់ ដោយបានធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃប្រព័ន្ធអេកូឡូស៊ីឌីជីថលកម្ពុ ជាផ្តោតលើគោលនយោបាយ សមិទ្ធផល និងគំនិតផ្តួចផ្តើមសំខាន់ៗរបស់កម្ពុជា ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ដូចជាថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify ជាដើម។

ទន្ទឹមនឹងនេះ គណៈប្រតិភូ និងធុរកិច្ចថ្មីឌីជីថលកម្ពុជា ក៏បានរៀបចំស្តង់តាំងពិព័រណ៍ឌីជីថលកម្ពុជា ដើម្បីដាក់បង្ហាញផលិតផល សេវាកម្ម បច្ចេកវិទ្យា និងថ្នាលឌីជីថលសំខាន់ៗរបស់ប្រទេសកម្ពុជាផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការ ក៏បានជួបជាមួយលោក Keo Visouk អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងសារគមនាគមន៍ (MTC) នៃប្រទេសឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍និងឌីជីថល ផ្លាស់ប្តូរបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងពង្រីកកិច្ចសហការរវាងធុរកិច្ចថ្មីឌីជីថលនៃប្រទេសទាំងពីរផងដែរ៕