មូលនិធិជាតិជំនួយសង្គម និងរដ្ឋបាលខេត្តស្ទឹងត្រែង បើកវគ្គរំលឹកការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ
26-10-2026 20:39
(ស្ទឹងត្រែង)៖ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គរំលឹកស្តីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» រយៈពេលមួយព្រឹក ដោយមានការចូលរួមពីមន្ត្រីទទួលបន្ទុកកម្មវិធីជាតិជំនួយសង្គមតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ត្រីទទួលបន្ទុកកម្មវិធីជាតិជំនួយសង្គមតាមឃុំ សង្កាត់ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង។
នាឱកាសនោះ លោកស្រី វិន ស៊ីធួន បានថ្លែងអំណរគុណចំពោះសាខាមូលនិធិជាតិជំនួយសង្គមខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្ត្រី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចក្នុងការអនុវត្តកម្មវិធីជំនួយសង្គម។
លោកស្រី បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តបែងចែកធនធានថវិកាគាំទ្រកម្មវិធីជំនួយសង្គម ជាពិសេសការឧបត្ថម្ភសាច់ប្រាក់ ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋក្រីក្រ និងក្រុមគ្រួសារងាយរងគ្រោះ។
លោកស្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមត្រូវបានបន្តជំរុញ ដោយផ្តោតលើការលើកកម្ពស់មូលធនមនុស្ស សុខុមាលភាពប្រជាពលរដ្ឋ ការកាត់បន្ថយភាពក្រីក្រ និងការកសាងសង្គមមួយដែលមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ចោល។
ក្នុងនាមរដ្ឋបាលខេត្ត លោកស្រីអភិបាលរងខេត្ត បានណែនាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នា តាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាថា ការផ្តល់ជំនួយសង្គមប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមគោលការណ៍កំណត់ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា ដើម្បីឱ្យគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះទទួលបានជំនួយត្រឹមត្រូវតាមតម្រូវការ។
ជាមួយគ្នានេះ លោកស្រី បានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ការពន្យល់ ចូលរួមពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ឱ្យបានសកម្ម ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពក្នុងការអនុវត្តកម្មវិធីនៅមូលដ្ឋាន ជៀសវាងការភាន់ច្រឡំ ឬការអនុវត្តខុសពីគោលការណ៍ដែលបានកំណត់។
បើតាមលោក ឈាង ដារ៉ា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តស្ទឹងត្រែង បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៦ សាខាមូលនិធិបានគ្រប់គ្រងមុខសញ្ញារបបសន្តិសុខសង្គមសរុបចំនួន ៤,៤៧៣នាក់ រួមមានអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។
ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ សាខាបានបើកផ្តល់ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម រួមមានប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើក ជូនគ្រួសារសពនិវត្តជន និងសពអតីតយុទ្ធជនសរុបចំនួន ៣១សព ដោយប្រើប្រាស់ថវិកាសរុបចំនួន ៣៣៣,០៤៨,៧០០រៀល។
លោកប្រធានសាខាបានបន្ថែមថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលដែលមានគោលបំណងជួយរក្សាលំនឹងជីវភាពគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងគ្រោះ។
កម្មវិធីនេះរួមបញ្ចូលការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជនមានពិការភាព ជនចាស់ជរា សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងការគាំទ្រដល់គ្រួសារដែលមានសមាជិកផ្ទុកមេរោគអេដស៍។
បច្ចុប្បន្ន នៅខេត្តស្ទឹងត្រែង មានគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ចំនួន ៨,៣៩០គ្រួសារ បានចុះឈ្មោះចូលរួមក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ លទ្ធផលនេះបង្ហាញពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តនៅមូលដ្ឋាន ដើម្បីធានាឱ្យការផ្តល់ជំនួយសង្គមដល់ប្រជាពលរដ្ឋគោលដៅប្រព្រឹត្តទៅបានត្រឹមត្រូវ និងមានប្រសិទ្ធភាព៕


















