ក្រសួងការបរទេសកម្ពុជា៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ក្នុងឱកាសខួប១ឆ្នាំ
26-10-2026 19:13
(ភ្នំពេញ)៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃ បានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា កាលពីមួយឆ្នាំមុន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខួប១ឆ្នាំនៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (ហៅម្យ៉ាងទៀតថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ) ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាកររបស់កម្ពុជា ចំពោះសេចក្តីថ្លែងការណ៍រួមនេះ និងចំពោះការស្វែងរកសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍នេះដោយសុឆន្ទៈ។ ក្នុងន័យនេះ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការដោះស្រាយវិវាទព្រំដែន និងការខណ្ឌសីមាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដោយចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញជាមួយភាគីថៃ ដោយមានការគាំទ្រ និងចូលរួមជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក ព្រមទាំងដៃគូផ្សេងទៀត ជាពិសេសអាស៊ាន និងរាល់សមាជិកនៃសហគមន៍អន្តរជាតិ ដើម្បីធានាបាននូវការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឱ្យបានពេញលេញ និងស្មោះត្រង់។ កម្ពុជាក៏បានសម្តែងនូវការកោតសរសើរចំពោះសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងអាស៊ាន ព្រមទាំងដៃគូផ្សេងទៀត ដែលបានចូលរួមដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការគាំទ្រដល់ការសន្ទនា និងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ។ កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តធ្វើការជាមួយភាគីថៃ និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ការពារប្រជាជនស៊ីវិល និងលើកកម្ពស់ស្ថិរភាព និងវិបុលភាពនៅតាមបណ្តោយព្រំដែនរួម៕


