សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី វត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ)
26-10-2026 17:59
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត អង្គកឋិនទានសាមគ្គី វត្តទួលសុវណ្ណារាម (ទួលសង្កែ) ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
តាមកម្មវិធីបុណ្យ គឺថ្ងៃច័ន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥៖០០នាទីរសៀល ជួបជុំសាមីផ្តើមទានប្រធានផ្តើមបុណ្យ និងពុទ្ធបរិស័ទជិតឆ្ងាយនៅវត្តទួលសុវណ្ណារាម។ វេលាម៉ោង ១៦៖០០នាទី ធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា។
លុះព្រឹកឡើងថ្ងៃអង្គារ ១រោចខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៩៖០០នាទី ដង្ហែអង្គកឋិនទានប្រទក្សិណព្រះវិហារ៣ជុំ រួចឡើងទៅលើព្រះវិហារអុជធូប ទៀន ធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរត្រៃចីវរ ព្រមទាំងបរិក្ខារកឋិនប្រគេនព្រះ សង្ឃជាកិច្ចបង្ហើយបុណ្យ។
អង្គកឋិនទាន វត្តទួលសុវណ្ណារាម (ទួលសង្កែ) ត្រូវបានផ្តួចផ្តើមឡើងដោយ៖ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោកជំទាវ អានី សម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងបុត្រ, លោក ឃឹម ណុលសុន និងស្រី យិន ថានី ព្រមទាំងបុត្រ, លោកស្រី រាជ ថាវឿន ចៅសង្កាត់ទួលសង្កែទី១ ព្រមទាំងសមាជិក សមាជិកាវេនទី៤, លោក ហេង ណារិទ្ធ និងលោកស្រី នៅ ស៊ីថុល ព្រមទាំងបងប្អូន វេនទី៥ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់ទៀត៕




























