សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរប្រធានរដ្ឋសភាតួកគីយេ ក្នុងឱកាសខួបទី១០៣ នៃទិវាបង្កើតសាធារណរដ្ឋ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធ
26-10-2026 17:55
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅ និងជូនសព្ទសាធុការពរជ័យជូនចំពោះ លោកសាស្ត្រាចារ្យបណ្ឌិត Numan Kurtulmuş ប្រធានរដ្ឋសភានៃសាធារណរដ្ឋតួកគីយេ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី១០៣ នៃការប្រកាសបង្កើតសាធារណរដ្ឋតួកគីយេ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងភាពកាន់តែលេចធ្លោលើឆាកអន្តរជាតិរបស់តួកគីយេ គឺជាសក្ខីភាពបញ្ជាក់ពីភាពធន់ ការប្តេជ្ញាចិត្ត និងថាមពលដ៏រឹងមាំរបស់ប្រជាជនតួកគីយេ។ សម្តេចតេជោបានកោតសរសើរចំពោះ លោកសាស្ត្រាចារ្យបណ្ឌិត Numan Kurtulmuş ក្នុងនាមជាប្រធានស្ថាប័នរដ្ឋសភា ដែលជាស្ថាប័នប្រវត្តិសាស្ត្រក្នុងការបង្កើតសាធារណរដ្ឋ ដែលបានបន្តថែរក្សាកេរដំណែល និងប្រពៃណីដ៏ឧត្តុង្គឧត្តម ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេចក្តីប្រាថ្នាជាតិ និងសុខុមាលភាពរបស់ប្រជាជនតួកគីយេ។
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវក្តីរីករាយចំពោះការរីកចម្រើនជាលំដាប់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងសេចក្តីប្រាថ្នារួមដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភាតួកគីយេ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរសភាឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី សំដៅរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងសកលលោក។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Numan Kurtulmuş សូមទទួលបានសុខភាពល្អបរិបូរណ៍ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជូនពរឱ្យប្រជាជនជាទីរាប់អាននៃប្រទេសតួកគីយេ ទទួលបាននូវសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងតរៀងទៅ៕



