សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានាធិបតីតួកគីយេ អបអរសាទរខួបទី១០៣ នៃទិវាប្រកាសបង្កើតសាធារណរដ្ឋតួកគីយេ និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
26-10-2026 17:45
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅ និងជូនពរជ័យយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយេ និងជាប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០៣ នៃទិវាប្រកាសបង្កើតសាធារណរដ្ឋតួកគីយេ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសតួកគីយេ ចាប់តាំងពីការបង្កើតមក ជាពិសេសការរីកចម្រើនលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា ការពារជាតិ វប្បធម៌ និងទំនាក់ទំនងអន្តរជាតិ ដែលជាសក្ខីភាពបញ្ជាក់ពីភាពធន់ និងការប្តេជ្ញាចិត្តរបស់ប្រជាជនតួកគីយេ។ សម្តេចតេជោ បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ប្រធានាធិបតី Erdoğan តួកគីយេនឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែធំធេង និងបង្កើនកិត្តិនាមនៅលើឆាកអន្តរជាតិបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងតួកគីយេ។ ក្នុងន័យនេះ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងារប្រកបដោយផ្លែផ្ការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋតួកគីយេ នាខែតុលាកន្លងទៅនេះ ដែលបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយតួកគីយេ ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងនាំមកនូវវិបុលភាពយូរអង្វែងសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ ព្រមទាំងបានប្រសិទ្ធពរជ័យជូនចំពោះ លោក Recep Tayyip Erdoğan និងប្រជាជនតួកគីយេ ឱ្យទទួលបាននូវសុខសន្តិភាព វឌ្ឍនភាព និងភាពរុងរឿងជាដរាប៕



