FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មូលនិធិជាតិជំនួយសង្គម បន្តរៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី​«ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងពន្ធនាគារខេត្ត» ទៅដល់ខេត្តស្ទឹងត្រែង

26-10-2026 16:50

(ខេត្តស្ទឹងត្រែង)៖ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ រៀបចំវគ្គបណ្តុះបណ្តាលរំលឹកស្តីពី ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងពន្ធនាគារខេត្ត ក្រោមអធិបតីភាព លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឺងត្រែង និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំពន្ធនាគារខេត្ត លោកប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមជាមួយនឹងលោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក មន្ត្រីកម្មវិធីពន្ធនាគារខេត្ត មន្រ្តីកម្មវិធីនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្រ្តីកម្មវិធីឃុំ សង្កាត់ សរុបចំនួន ៩៦រូប។

លោក ឈាង ដារ៉ា ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តស្ទឹងត្រែង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលអាចឆ្លើយតបគ្រប់ជ្រុងជ្រោយស្របទៅនឹងតម្រូវការរបស់គ្រួសារក្រីក្រ និងសមាជិកងាយរងគ្រោះ ចាប់តាំងពីពេលចាប់កំណើតក្នុងផ្ទៃ រហូតដល់មរណភាព និងជួយពង្រឹងស្ថានភាពគ្រួសារ កសាងសង្គមដែលមានភាពធន់ ព្រមទាំង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន បន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។

កម្មវិធីនេះផងដែរ គឺត្រូវបានធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមដែលមានស្រាប់ចំនួន ៤ បញ្ចូលគ្នា រួមមាន៖ (១).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ (២).កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ (៣).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
(៤).កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា(អាយុ​៦០ឆ្នាំឡើង) និងបញ្ចូលបន្ថែមនូវការឧបត្ថម្ភគោលគ្រួសារសម្រាប់គ្រួសារមានបណ្ណសមធម៌ទាំងអស់ និងការឧបត្ថម្ភសមាជិកគ្រួសារផ្ទុកមេរោគអេដស៏ និងជំងឺអេដស៏ចូលជាកញ្ចប់ឧបត្ថម្ភតែមួយ។

មូលនិធិជាតិជំនួយសង្គមបានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកនេះឡើង ក្នុងគោលបំណង ពង្រឹងសមត្ថភាព បំពេញនូវភាពស្រពិចស្រពិលក្នុងការអនុវត្តនៅថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ប្រសិទ្ធភាព សង្គតិភាព និងនិរន្តរភាពនៃកម្មវិធី។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា បច្ចុប្បន្ន កម្មវិធីជំនួយសង្គម របស់រាជរដ្ឋាភិបាល ដែលកំពុងមានវត្តមាននៅក្នុងក្របខណ្ឌខេត្តរតនគិរី មានចំនួន ៤កម្មវិធី រួមមាន (១)កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ (២)កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ(TVET) (៣)កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនតាមម្តាយអាយុក្រោម ២ឆ្នាំ នៅក្នុងពន្ធនាគារ និង(៤)កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ។

លោកស្រីបន្ថែមថា គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាននឹងកំពុងគាំទ្រ ជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីធានាសម្រេចបាន នូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ព្រមជាមួយគ្នានេះ រដ្ឋបាលខេត្ត បានធ្វើការពិនិត្យ តាមដាន និងសម្របសម្រួលដោះស្រាយបញ្ហានានា សំដៅផ្តល់អត្ថប្រយោជន៍ដល់ក្រុមគោលដៅដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះ ឱ្យទទួលបានការឧបត្ថម្ភគ្រប់ៗក្រុមគ្រួសារ។ ក្នុងនាមរដ្ឋបាលខេត្ត នឹងបន្តជំរុញដល់ការអនុវត្ត និងការផ្សព្វផ្សាយ ក្នុងក្របខណ្ឌខេត្តទាំងមូល ឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕