FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិតសភាចារ្យ សុខ ទូច ចង់ឃើញស្ថាប័នវប្បធម៌ និងស្រាវជ្រាវកម្ពុជា-កូរ៉េ​ បន្តបង្កើតកម្មវិធីថ្មីៗដើម្បីជំរុញទំនាក់ទំនងពីមិត្តភាពទៅភាពជាដៃគូជាក់ស្តែង

26-10-2026 16:30

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបនណ្ឌិត្យសភាកម្ពុជា សង្ឃឹមថា ស្ថាប័នវប្បធម៌ សាកលវិទ្យាល័យ មជ្ឈមណ្ឌលសិក្សា និងស្ថាប័ន ស្រាវជ្រាវនៃប្រទេសទាំងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បន្តបង្កើតកម្មវិធីថ្មីៗដើម្បីជំរុញការផ្លាស់ប្តូររវាងយុវជន សិល្បករ អ្នកស្រាវជ្រាវ និងប្រជាជនទូទៅ ដោយប្រែក្លាយទំនាក់ទំនងពីមិត្តភាពទៅភាពជាដៃគូជាក់ស្តែង។

ការលើកឡើងបែបនេះរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងក្នុងពិធីសិក្ខាសាលាស្ដីពី «ទិសដៅអនាគតនៃទំនាក់ទំងកម្ពុជា-កូរ៉េ ក្នុងឱកាសខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ» ដែលសហការរៀបចំឡើងរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

លោកបណ្ឌិតសភាចារ្យ សុខ​ ទូច យល់ថាកម្ពុជា​ និងកូរ៉េ គួរពង្រីកកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវរួម ការរៀបចំសន្និសីទអន្តរជាតិ ការផ្លាស់ប្ដូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ការបោះពុម្ពផ្សាយស្នាដៃ វិទ្យាសាស្ត្រ និងការបង្កើតកម្មវិធីសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការនៃសង្គមសម័យថ្មី។ ជាពិសេស គួរជំរុញការស្រាវជ្រាវប្រៀបធៀបអំពីបទពិសោធន៍នៃការ អភិវឌ្ឍរបស់កូរ៉េ និងកម្ពុជា ដើម្បីស្វែងយល់ថាតើកត្តាអ្វីខ្លះដែលបានជួយឱ្យកូរ៉េ សម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយតើកម្ពុជាអាចសម្របយកបទពិសោធន៍ណាខ្លះមកប្រើប្រាស់ឱ្យសមស្របនឹងបរិបទសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួន?

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមថា ស្ថាប័នវប្បធម៌ សាកលវិទ្យាល័យ មជ្ឈមណ្ឌលសិក្សា និងស្ថាប័ន ស្រាវជ្រាវនៃប្រទេសទាំងពីរ នឹងបន្តបង្កើតកម្មវិធីថ្មីៗ ដើម្បីជំរុញការផ្លាស់ប្តូររវាងយុវជន សិល្បករ អ្នកស្រាវជ្រាវ និងប្រជាជនទូទៅ។​ ខ្ញុំជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងស្រាវជ្រាវ យើងអាចបង្កើតអ្នកដឹកនាំ អ្នកជំនាញ និងអ្នកស្រាវជ្រាវជំនាន់ថ្មី ដែលមានចំណេះដឹងទូលំទូលាយ មានសមត្ថភាពវិភាគ និងអាចរួមចំណែកដល់ការអភិវឌ្ឍប្រទេសទាំងពីរ»។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្ថែមថា​ ពីមិត្តភាពទៅភាពជាដៃគូដែលបង្កើតលទ្ធផលជាក់ស្តែង នៅពេលយើងពិនិត្យមើលសមិទ្ធផលដែលសម្រេចបានក្នុងទំនាក់ទំនងកម្ពុជា–កូរ៉េ យើងមានមូលហេតុជាច្រើនដើម្បីមានមោទនភាពចំពោះការរីកចម្រើននៃភាពជាដៃគូនេះ។​​ ប៉ុន្តែយើងក៏ត្រូវសម្លឹងទៅមុខ និងសួរខ្លួនឯងថា តើយើងអាចធ្វើអ្វីបន្ថែមទៀត ដើម្បីឱ្យទំនាក់ទំនងនេះមានអត្ថន័យកាន់តែស៊ីជម្រៅសម្រាប់មនុស្សជំនាន់ក្រោយ?

​«យើងត្រូវធ្វើឱ្យចំណេះដឹងក្លាយជាស្ពានតភ្ជាប់ប្រទេសទាំងពីរ និងធ្វើឱ្យការស្រាវជ្រាវក្លាយជាមូលដ្ឋានសម្រាប់ការសម្រេចចិត្ត និងការអភិវឌ្ឍដែលមានគុណភាព»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត សុខ ទូច។

ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកទស្សនៈចំនួន៥ រួមមាន៖

*ទី១៖ ពង្រឹងការសន្ទនាផ្នែកគោលនយោបាយ និងការទូត។ ប្រទេសទាំងពីរគួរបន្តជំរុញការផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងគាំទ្រគោលការណ៍ នៃការគោរពច្បាប់អន្តរជាតិ សន្តិភាព និងការដោះស្រាយបញ្ហាតាមមធ្យោបាយសន្តិវិធី
*ទី២៖ ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់។ យើងគួរជំរុញការវិនិយោគដែលបង្កើតការងារប្រកបដោយគុណភាព ជួយបង្កើនផលិតភាព និងផ្ដល់ឱកាសឱ្យសហគ្រាសក្នុងស្រុកចូលរួមក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោក
*ទី៣៖ ផ្ដល់អាទិភាពដល់ការអប់រំ និងបច្ចេកវិទ្យា។ យើងត្រូវបង្កើតឱកាសបន្ថែមសម្រាប់និស្សិត និងអ្នកស្រាវជ្រាវពង្រឹងការបណ្ដុះបណ្ដាលជំនាញ និងជំរុញការ ស្រាវជ្រាវរួមលើបញ្ហាប្រឈមថ្មីៗ ដូចជា៖ បញ្ញាសិប្បនិម្មិត សន្តិសុខឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព
*ទី៤៖ ពង្រឹងការយោគយល់គ្នារវាងប្រជាជន។ ការផ្លាស់ប្តូរភាសា វប្បធម៌ និងបទពិសោធន៍រវាងយុវជននៃប្រទេសទាំងពីរគួរត្រូវបានលើកកម្ពស់ដើម្បីឱ្យចំណង មិត្តភាពនេះបន្តពីមួយជំនាន់ទៅមួយជំនាន់
និងទី៥៖ បង្កើតភាពជាដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការត្រូវផ្អែកលើការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងអាទិភាពអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ។ ភាពជាដៃគូដែលមានភាពរឹងមាំ គឺជាភាពជាដៃគូដែលភាគីទាំងពីរអាចរីកចម្រើនជាមួយគ្នា និងចែករំលែកផលប្រយោជន៍ដោយស្មើភាព។

លោកបណ្ឌិតសភាចារ្យ សុខ​ ទូច បានបញ្ជាក់ថា​ រាជបណ្ឌិត្យសភាកម្ពុជា មានបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នស្រាវជ្រាវ សាកលវិទ្យាល័យ និងដៃគូពាក់ព័ន្ធរបស់សាធារណរដ្ឋកូរ៉េ តាម រយៈការរៀបចំវេទិកាសន្ទនា ការសិក្សាស្រាវជ្រាវរួម ការផ្លាស់ប្ដូរអ្នកជំនាញ និងការបោះពុម្ពផ្សាយស្នាដៃវិទ្យាសាស្ត្រ និងសូមលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវ និងបញ្ញវន្តនៃប្រទេសទាំងពីរ បន្ដសិក្សាលើប្រធានបទដែលមានសារៈសំខាន់សម្រាប់អនាគតរួមដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងសាធារណៈ ការអភិវឌ្ឍធនធានមនុស្ស ទំនាក់ទំនងអន្តរជាតិ ការផ្លាស់ប្តូរវប្បធម៌ និងផលប៉ះពាល់នៃបច្ចេកវិទ្យាថ្មីៗលើសង្គម៕