FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

26-10-2026 16:30

(បន្ទាយមានជ័យ)៖ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលជាសមិទ្ធិផលថ្មីមួយទៀត ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

អគាររដ្ឋបាលថ្មីនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងសម្រួលដល់ការបំពេញកិច្ចការងាររបស់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាពិសេសដើម្បីផ្តល់សេវារដ្ឋបាល-សេវាសាធារណៈចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស។

លោក អ៊ុំ រាត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកព្រះនេត្រព្រះ ក្នុងការផ្តល់សេវាសាធារណៈ ការងារសន្តិសុខ-សុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋានកន្លងមក។

លោកអភិបាលខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ឱ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ថែទាំ និងប្រើប្រាស់អគាររដ្ឋបាលថ្មីនេះ ប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ លោកបានជំរុញឱ្យមន្ត្រីរាជការទាំងអស់ បង្កើនការខិតខំបំពេញការងារ គោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។

លើសពីនេះ លោកក៏បានសង្កត់ធ្ងន់លើការបន្តអនុវត្តគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន។ អគាររដ្ឋបាលស្រុកថ្មីនេះ មានទំហំ ៣៦ម៉ែត្រ x ១៤ម៉ែត្រ កម្ពស់ ៣ជាន់ ដែលចំណាយថវិកាអស់ ៣.៧១៦លានរៀល៕