ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១ពាន់គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីក្រុមការងារបក្សចុះជួយមូលដ្ឋាន
26-10-2026 16:27
(សៀមរាប)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្នុងនោះមាន ចាស់ជរា និងជនមានពិការភាព ចំនួន ១.០០០គ្រួសារ មកពីភូមិទាំង៨ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីក្រុមការងារបក្សចុះមូលដ្ឋានសង្កាត់គោកចក ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅ បន្ទាប់ពីរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។
ពិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋាន សង្កាត់គោកចក ក្រុងសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក លី សំរិទ្ធ បានមានប្រសាសន៍លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យបន្តខិតខំប្រឹងប្រែងស្តារជីវភាពគ្រួសារឡើងវិញ ក្រោយទឹកស្រក តាមរយៈការបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងប្រកបមុខរបរផ្សេងៗ ទៅតាមលទ្ធភាព ដើម្បីបង្កើនប្រាក់ចំណូល និងធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើង។
លោកក៏បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសមនុស្សចាស់ជរា និងកុមារតូចៗ ដោយប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត ព្រមទាំងបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងផងដែរ។
លោក លី សំរិទ្ធ ក៏បានក្រើនរំលឹក និងជំរុញឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ខាងមុខនេះ។
សូមជម្រាបថា ការនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែលជួបការលំបាក ជាពិសេសគ្រួសារងាយរងគ្រោះ ដោយគ្រោះធម្មជាតិ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងផ្តល់កម្លាំងចិត្តឱ្យពួកគាត់បន្តខិតខំស្តារជីវភាពគ្រួសារឡើងវិញផងដែរ៕












