FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងគជ់ ប្រគល់សម្ភា​រកសិកម្ម​ ជួយកសិករ ១ម៉ឺន៦ពាន់នាក់ ក្នុងព្រឹត្តិការណ៍ CAFE26 ដើម្បីពង្រឹងវិស័យកសិកម្ម

26-10-2026 16:23

(ភ្នំពេញ)៖ គម្រោងភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់ នៅខាងជើងបឹងទន្លេសាប(គម្រោងគជ់ ឬ PEARL) ​បានប្រគល់សម្ភារកសិកម្មជាច្រើន រួមមាន ត្រាក់ទ័រ ម៉ាស៊ីនច្រូតកាត់ ផ្ទះសំណាញ់ លានហាលកសិផល និងដ្រូនកសិកម្ម ជូនដល់សហគមន៍កសិកម្មចំនួន ៧៩​ ដោយសម្ភារទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករប្រមាណ ១៦,០០០ នាក់ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ដើម្បីបង្កើនផលិតភាព កាត់បន្ថយថ្លៃដើម និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ការប្រគល់សម្ភា​រកសិកម្ម​ទាំងនេះ​ បានធ្វើឡើងក្នុងពិធីបិទ​វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ ២០២៦ (CAFE26) ​កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមជាង ២៥,០០០ នាក់ និងស្តង់តាំងពិព័រណ៍ ៤៤៦ ក្នុងរយៈពេល ៣ ថ្ងៃ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមគំនិតផ្តួចផ្តើម «Hand-in-Hand» របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដោយបានប្រមូលផ្តុំកសិករ សហគមន៍កសិកម្ម ធុរជន វិនិយោគិន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកឱកាសក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ការវិនិយោគ ហិរញ្ញប្បទាន និងនវានុវត្តន៍។ វេទិកានេះរួមមានការពិភាក្សាជាក្រុម ការបង្កើតបណ្តាញធុរកិច្ច ការបង្ហាញបច្ចេកវិទ្យា និងការតាំងពិព័រណ៍នានា ដើម្បីពង្រឹងវិស័យកសិស្បៀងអាហាររបស់កម្ពុជា។

ជាមួយគ្នានេះ ក៏មានការប្រគល់ត្រាក់ទ័រចំនួន៣៣ គ្រឿង ត្រាក់ទ័រខ្នាតតូចចំនួន៦ គ្រឿង ម៉ាស៊ីនច្រូតកាត់ចំនួន១៧ គ្រឿង ផ្ទះសំណាញ់ចំនួន៨៩ ខ្នង លានហាលកសិផលចំនួន១០ កន្លែង និងដ្រូនកសិកម្មចំនួន២ គ្រឿង ជូនដល់សហគមន៍កសិកម្មចំនួន ៧៣ និងសហគមន៍កសិកម្មទំនើបចំនួន ៦ ក្រោមគម្រោងគជ់ ឬ PEARL ​ដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិអាកាសធាតុបៃតង (GCF)។​ គម្រោងនេះអនុវត្តដោយអង្គការ FAO សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់កសិករជាង ៤៥ម៉ឺននាក់។ ដោយឡែកសម្ភារៈកសិកម្មដែលប្រគល់ទទួលជានិម្មិតរូបនេះ នឹងផ្តល់ប្រយោជន៍ដល់កសិករប្រមាណ ១៦០០០ នាក់ ក្នុងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប តាមរយៈការបង្កើនផលិតភាពកសិកម្ម ការកាត់បន្ថយថ្លៃដើមពលកម្ម និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងពិធីនេះ ក៏មានការប្រគល់លិខិតអបអរសាទរ និងទទួលស្គាល់កសិករស្ត្រីឆ្នើម លោកស្រី សែត ហាច ដែលជាថ្នាក់ដឹកនាំសហគមន៍កសិកម្មមួយរូបនៅកម្ពុជា ដែលត្រូវបានជ្រើសរើសជាស្ត្រីឆ្នើម ១០០ នាក់លើពិភពលោក (Global 100 Women Heroes) ក្នុងវិស័យប្រព័ន្ធកសិស្បៀងអាហារសម្រាប់ការអភិវឌ្ឍជនបទ ដោយអង្គការ FAO នាទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុន។

ក្រោមការដឹកនាំរបស់លោកស្រី សហគមន៍កសិកម្ម «ស្ត្រីភោគផលមានជ័យ» បានរីកចម្រើនរហូតដល់មានសមាជិកចំនួន ៥៤០ នាក់ (ក្នុងនោះមានស្ត្រី ៤៥១ នាក់) ដែលជួយឱ្យកសិករជាស្ត្រីអាចពង្រឹងអាជីវកម្មរបស់ខ្លួន លើកកម្ពស់ជីវភាពរស់នៅ និងទទួលបានឱកាសលក់កសិផលក្នុងទីផ្សារធំៗ។

ពិធីបិទព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា។ ព្រឹត្តិការណ៍ CAFE26 បានបញ្ចប់ទៅដោយការប្តេជ្ញាចិត្តថ្មីក្នុងការពង្រឹងភាពជាដៃគូ ជំរុញនវានុវត្តន៍កសិកម្ម និងពង្រីកឱកាសវិនិយោគ ដើម្បីគាំទ្រដល់វិស័យកសិស្បៀងអាហារនៅកម្ពុជា ឱ្យកាន់តែមានផលិតភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព៕