លោក សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំ
26-10-2026 16:24
(បាត់ដំបង)៖ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំ។ ពិធីនេះមានការចូលរួមពីសំណាក់លោកអនុប្រធានប្រចាំការគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក លោកស្រី មន្ត្រីគណបក្សផងដែរ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណៈបក្សស្រុកឯកភ្នំ។
យោងតាមសេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបានសម្រេចតែងតាំងលោក ប៊ី សុភាព ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្សស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានណែនាំដល់លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការគណបក្សស្រុកឯកភ្នំដែលទើបកាន់តំណែងថ្មី ត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ពង្រឹងវិន័យ និងការទទួលខុសត្រូវ កសាងធនធានមនុស្សជំនាន់ក្រោយ រៀបចំការដឹកនាំ និងសម្របសម្រួលការងារគណបក្សនៅមូលដ្ឋាន អនុវត្តគោលការណ៍របស់ថ្នាក់លើ ពង្រឹងសាមគ្គីភាព និងវិន័យក្នុងជួរគណបក្ស ជំរុញការចូលរួមរបស់សមាជិក និងប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន។
លោកបន្តណែនាំដល់មន្ត្រីគណបក្សនៅមូលដ្ឋានឱ្យខិតខំពិនិត្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាមស្ថានភាពជាក់ស្តែងនៅតាមឃុំ និងភូមិ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងគណបក្ស និងប្រជាពលរដ្ឋឱ្យបានជិតស្និទ្ធបំផុត។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានកោតសរសើរចំពោះក្រុមការងារដែលខិតខំយកចិត្តទុកដាក់ខ្ពស់ជួយពលរដ្ឋដែលជួបការលំបាកខ្វះខាត និងរងគ្រោះដោយសារទឹកជំនន់កន្លងមកបានយ៉ាងល្អប្រសើរ។
លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកឯកភ្នំ បានប្តេជ្ញាចិត្តដូចខាងក្រោម៖
* ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង៖ បន្តពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងទូលំទូលាយ សំដៅធានានូវប្រសិទ្ធភាព និងការសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតជូនគណបក្ស។
* អភិវឌ្ឍសមត្ថភាព និងចំណេះធ្វើ៖ ខិតខំដុសខាត់បន្ថែមនូវសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារ ឱ្យឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយ និងការវិវត្តរបស់គណបក្ស។
* ក្តាប់ជាប់ និងអនុវត្តកម្មវិធីនយោបាយ៖ ក្តាប់ឱ្យបានម៉ឺងម៉ាត់នូវកម្មវិធីនយោបាយ គោលការណ៍ណែនាំ សេចក្តីសម្រេចចិត្ត និងលក្ខន្តិកៈនានារបស់គណបក្ស ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
* ផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយ៖ ខិតខំបញ្ជ្រាបកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ជូនដល់មន្ត្រី សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក និងបង្កើនទំនុកចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
* រៀបចំផែនការសកម្មភាពច្បាស់លាស់៖ កសាងផែនការសកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ជូនគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះមូលដ្ឋានស្រុក ដើម្បីពិនិត្យ និងសម្រេចតាមនីតិវិធី។
* គោរពរបបធ្វើការងារ និងរាយការណ៍៖ អនុវត្តតាមរបបធ្វើការងារយ៉ាងទៀងទាត់ ដោយរាយការណ៍រាល់សកម្មភាព និងលទ្ធផលការងារជូនគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានស្រុក-ឃុំ ឱ្យបានទាន់ពេលវេលា និងប្រកបដោយតម្លាភាព៕



























