អភិបាលខេត្តព្រះសីហនុ៖ ព្រឹត្តិការណ៍ «កីឡាដើម្បីសុខភាព កីឡាដើម្បីទេសចរណ៍» បានចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោក
26-10-2026 16:22
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វិស័យកីឡាមិនត្រឹមតែជួយលើកកម្ពស់សុខភាព និងកាយសម្បទាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងស្មារតី សីលធម៌ មិត្តភាព និងស្មារតីគោរពយុត្តិធម៌ ព្រមទាំងជាកម្លាំងចលករមួយក្នុងការជំរុញវិស័យទេសចរណ៍ផងដែរ ជាពិសេសបានចូលរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ។
ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត និងលោកស្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍កីឡាទេសចរណ៍ក្រុងកោះរ៉ុង ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព កីឡាដើម្បីទេសចរណ៍» នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
អភិបាលខេត្តបានថ្លែងអំណរគុណដល់រដ្ឋបាលក្រុងកោះរ៉ុង មន្ទីរជំនាញពាក់ព័ន្ធ គណៈកម្មការរៀបចំការប្រកួត កីឡាករ កីឡាការិនី និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោក។
គូសបញ្ជាក់ជូនថា ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នៅឆ្នេរកោះរ៉ុង ដោយមានសកម្មភាពកីឡា និងកម្សាន្តជាច្រើន រួមមាន ការរត់ប្រណាំងឧបសគ្គ ការប្រកួតបាល់ទះលើឆ្នេរខ្សាច់ ការអុំទូកកាយ៉ាក់ ការប្រណាំងរ៉ឺម៉កកង់បី ការជិះកង់កម្សាន្ត។
ក្នុងព្រឹត្តិការណ៍នេះទៀតសោត ក៏ជាផ្នែកមួយនៃយុទ្ធនាការទេសចរណ៍រដូវកាលបៃតងខេត្តព្រះសីហនុ ឆ្នាំ២០២៦ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុបានបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ដើម្បីប្រែក្លាយខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេសចរណ៍ឆ្នេរដ៏ទាក់ទាញ។
កោះរ៉ុង ជាទឹកដីនៃសន្តិភាព ស្នាមញញឹម និងក្តីសង្ឃឹម! សូមចូលរួមផ្សព្វផ្សាយ និងគាំទ្រយុទ្ធនាការទេសចរណ៍រដូវកាលបៃតងក្រោមពាក្យស្លោក៖ «មកលេង! មកទស្សនា! មកគាំទ្រ! មកសប្បាយ!» កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីមិត្តភាព កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍។ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រង់ចាំស្វាគមន៍ទេសចរណ៍ដោយស្នាមញញឹម៕


























