ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ១៨គ្រួសារ ទៅទទួលយកដីឡូតិ៍ និងផ្ទះសំបែងថ្មី នៅខេត្តស្ទឹងត្រែង ក្រោមកម្មវិធីផ្តល់ដីសម្រាប់ការអភិវឌ្ឍដោយចីរភាព
26-10-2026 15:58
(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចំនួន ១៨គ្រួសារ (ក្នុងនោះ ១៥គ្រួសារ បានអញ្ជើញចូលរួមផ្ទាល់) ដែលទទួលបានដីឡូតិ៍ និងផ្ទះជាសម្បត្តិស្របច្បាប់ នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងឃុំក្បាលរមាស និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោម «កម្មវិធីផ្តល់ដី សម្រាប់ការអភិវឌ្ឍដោយចីរភាព (គម្រោងទី១)» របស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីសម្រាប់ ការអភិវឌ្ឍដោយចីរភាព ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា «កម្មវិធីផ្តល់ដី សម្រាប់ការអភិវឌ្ឍដោយចីរភាព (គម្រោងទី១)» គឺជាគោលនយោបាយប្រវត្តិសាស្ត្រ និងជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
*ទី១៖ ផ្តល់ដីធ្លី និងផ្ទះសម្បែងពិតប្រាកដ៖ ឆ្លើយតបទៅនឹងតម្រូវការជីវភាព មានជម្រកដ៏កក់ក្តៅ សុវត្ថិភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅ។
*ទី២៖ ការពារ និងអភិរក្សព្រៃឈើ៖ កាត់បន្ថយការទន្ទ្រានដីព្រៃខុសច្បាប់ ដោយប្រែមកជាការផ្តល់ដីសម្រាប់ការអភិវឌ្ឍជីវភាពប្រកបដោយចីរភាព។
*ទី៣៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ៖ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និងសេវាសុខាភិបាល នៅទីតាំងថ្មី ដើម្បីធានាដល់ការរស់នៅសមរម្យ និងការបង្កើតមុខរបរ។
ជាមួយគ្នានេះ លោក គីម រិទ្ធី បានធ្វើការផ្តាំផ្ញើ និងណែនាំដល់ប្រជាពលរដ្ឋទាំង ១៨គ្រួសារ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
*ខិតខំកសាងជីវភាព បង្កបង្កើនផល ដាំដំណាំចម្រុះ និងចិញ្ចឹមសត្វ នៅលើដីឡូតិ៍ និងផ្ទះថ្មី។
*ប្រកបមុខរបរដោយស្មោះត្រង់ ជៀសវាងអំពើខុសច្បាប់ ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សហគមន៍ និងរួមគ្នាថែរក្សាព្រៃឈើ និងបរិស្ថាន។
*ប្រញាប់ប្រញាល់យកឯកសារផ្លាស់ប្តូរទីលំនៅទៅជួបអាជ្ញាធរភូមិ-ឃុំនៅទីតាំងថ្មី ដើម្បីរៀបចំសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
*ចំណុចសំខាន់បំផុត៖ សូមអញ្ជើញទៅជួបអាជ្ញាធរឃុំ ដើម្បីចុះឈ្មោះបោះឆ្នោតនៅទីតាំងថ្មីឱ្យបានទាន់ពេលវេលា (ដំណើរការចុះឈ្មោះចាប់ពីថ្ងៃទី០៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦) ដើម្បីធានាសិទ្ធិពលរដ្ឋពេញលេញ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។
ដើម្បីជួយសម្រាលបន្ទុកជីវភាពជំហានដំបូង និងការធ្វើដំណើរទៅកាន់ទីលំនៅថ្មី រដ្ឋបាលខេត្តព្រះវិហារ បានឧបត្ថម្ភគាំទ្រដល់គ្រួសារនីមួយៗនូវ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ និងទឹកត្រី ២យួរ ព្រមទាំងថវិកាចំនួន ១០ម៉ឺនរៀល។ បន្ថែមពីនេះ រដ្ឋបាលខេត្តក៏បានរៀបចំអាហារពេលព្រឹក បាយថ្ងៃត្រង់ និងការដឹកជញ្ជូនតាមផ្លូវប្រកបដោយសុវត្ថិភាពផងដែរ។
លោក គីម រិទ្ធី ក៏បានថ្លែងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើដំណើរដោយសុវត្ថិភាព និងជួបតែសេចក្តីសុខចម្រើន ជោគជ័យក្នុងការកសាងជីវភាពថ្មីនៅលើទឹកដីឃុំក្បាលរមាស និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕














