អភិបាលខេត្តកំពត អញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនពលរដ្ឋជាង៣ពាន់ក្បាលដី នៅស្រុកកំពង់ត្រាច
26-10-2026 15:53
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រី និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះប្រកាសចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ រួមមាន៖ ភូមិកំពង់ត្រាចទី១ នៃឃុំកំពង់ត្រាចខាងកើត, ភូមិអូរស្លែង នៃឃុំដំណាក់កន្ទួតខាងជើង និងភូមិអង្គរជ័យទី២ នៃឃុំដំណាក់កន្ទួតខាងត្បូង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ពិធីនេះបានប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឧទុម្ពរកំពង់ត្រាច ស្រុកកំពង់ត្រាច។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅក្នុងពិធីនេះ មានការប្រកាសចែកប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ មកពីភូមិទាំង៣ខាងលើ ដែលមានក្បាលដី សរុបចំនួន ៣៣,៣៦៣ក្បាលដី ស្មើនឹង ២,៣៥៨គ្រួសារ។
នាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងពីគោលនយោបាយ និងការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែគិតគូរជាប្រចាំរឿងសុខទុក្ខ និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នាបានល្អ ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងការចុះវាស់វែង ចុះបញ្ជី រហូតឈានដល់ចេញបណ្ណកម្មសិទ្ធិដល់ដៃពលរដ្ឋយ៉ាងឆាប់រហ័ស តាមគោលការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល។
លោកអភិបាលខេត្ត បន្តថា ការផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ នាពេលនេះ គឺជាការគិតគូរខ្ពស់បំផុតពីសំណាក់ប្រមុខដឹកនាំ ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន បន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយអនុវត្តន៍តាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងវិស័យដីធ្លី ដើម្បីផ្តល់អត្ថប្រយោជន៍ជូនពលរដ្ឋនៅទូទាំងប្រទេស។
ជាមួយគ្នានេះ ការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋនេះទៀតសោត ក៏នឹងជួយកាត់បន្ថយវិវាទដីធ្លី ហើយក៏នឹងឈានទៅបញ្ចប់រាល់វិវាទដីធ្លីផងដែរ ដោយសារម្នាក់ៗគឺមានបណ្ណកម្មសិទ្ធិបញ្ជាក់ពីការកាន់កាប់ ដីធ្លីរបស់ខ្លួនដោយស្របច្បាប់។
អភិបាលខេត្ត ក៏បានណែនាំឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រៀបចំគំរូផ្ទះខ្មែរបិទបង្ហាញនៅសាលាស្រុក ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលគ្រោងនឹងសាងសង់លំនៅឋាន អោយសាងសង់តាមបែបបទស្ថាបត្យកម្មរចនាបថខ្មែរ ឱ្យបានច្រើន ជៀសវាងការយកម៉ូដផ្ទះបរទេសមកលាយឡំគ្នាខុសទម្រង់ដើម និងដើម្បីរួមចំណែកថែរក្សាអត្តសញ្ញាណជាតិយើងផងដែរ៕




















