FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

26-10-2026 14:28

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តជាច្រើនទៀត នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានឃើញបងប្អូន ប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានមកចូលរួមដោយទឹកមុខសប្បាយរីករាយ ក្នុងមហាគ្រួសារខ្មែរ ក្រោមដំបូលសុខសន្តិភាព។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្លក្ខណ:សប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងបណ្តាខេត្តនានាដែលនៅជិតខាង ជាមួយនឹងការផ្សារភ្ជាប់មនោសញ្ចេតនារឭកដឹងគុណទៅដល់ថ្នាក់ដឹកនាំ និងវីរយុទ្ធជនជួរមុខ ដែលបញ្ជាក់ពីអត្ថន័យដ៏ច្បាស់លាស់មួយគឺ ពួកយើងមានសេចក្តីសុខ ពួកយើងអាចរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយបាន ក្នុងន័យថែរក្សាវប្បធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណជាតិ មិនអាចប្រទេសណាមួយមកក្លែងបន្លំបានឡើយ។

លោកអភិបាលខេត្តបានបន្តថា យើងអាចរៀបចំព្រឹត្តិការណ៍សប្បាយរីករាយនេះបាន គឺដោយសារការដឹកនាំដ៏ត្រឹមត្រូវ និងមុតស្រួចរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មានវីរភាពរបស់យុទ្ធជនជួរមុខ ដែលបានឈរជើងយ៉ាងរឹងមាំ មានកម្លាំងមហាសាមគ្គីរបស់មហាជនខ្មែរ ដែលបានវេញធ្លុងគ្នាតែមួយ បង្កើតបានជាខែលការពារអធិបតេយ្យ និងបូរណភាពទឹកដី ការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជាតិ និងប្រជាជន។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តបានយកឱកាសនេះ សូមថ្លែងអំណរគុណ និងដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ប៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប៊ុន ម៉ាណែត ព្រមទាំងវីរយុទ្ធជនជួរមុខទាំងអស់ សម្រាប់ការលះបង់ដ៏ធំធេង និងតែងតែនៅជាមួយ ការពារជាតិនិងប្រជាជនគ្រប់កាលៈទេសៈ៕